ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ កំពុងពិនិត្យរៀបចំគម្រោងសាងសង់ផ្លូវរថយន្តចុះមកតំបន់បឹងទន្លេសាប និងផ្លូវថ្មើរជើង ផែបណ្តែតទឹក កន្លែងចតរថយន្ត ការដាំស្តារព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប។ គម្រោងនេះនឹងតភ្ជាប់របៀងទេសចរពីខេត្តបាត់ដំបង មកខេត្តសៀមរាប តាមរយៈផ្លូវកែលម្អឡើងវិញ និងចំណតទូកថ្មីដែលចំណាយពេលវេលាខ្លីសម្រាប់ធ្វើដំណើរ ហើយអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាតំបន់បឹងទន្លេសាបបានយ៉ាងច្រើនផងដែរ។
កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មន្រ្តីជំនាញក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប រដ្ឋបាលផែនការ ក្រសួងទេសចរណ៍ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួបប្រជុំពិភាក្សាគម្រោងស្តីពី ហេដ្ឋារចនាសម័្ពន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងភាពធន់ ជាមួយតំណាងរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកឃុំ សហគមន៍មូលដ្ឋាន និងវិស័យឯកជននៅខេត្តបាត់ដំបង និងខេត្តសៀមរាប នឹងចុះទស្សនកិច្ចសិក្សាផ្ទាល់នៅទីតាំងស្នើសុំអនុវត្តគម្រោង។
កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗរួមមាន បង្ហាញពីទីតាំងគម្រោងដែលស្នើសុំសិក្សា និងណែនាំក្រុមការងារទីប្រឹក្សាគម្រោង ដើម្បីសហការជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃខេត្តបាត់ដំបង និងខេត្តសៀមរាប។ ទន្ទឹមនេះប្រមូលធាតុចូលបន្ថែមទៀត មុននឹងរៀបចំសិក្ខាសាលាស្តីពីកិច្ចចាប់ផ្តើមអនុវត្តគម្រោង (Inception Workshop) ដែលគ្រោងនឹងរៀបចំក្នុងខែកញ្ញា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា គម្រោងនេះនឹងតភ្ជាប់របៀងទេសចរពីខេត្តបាត់ដំបង មកខេត្តសៀមរាប តាមរយៈផ្លូវកែលម្អឡើងវិញ និងចំណតទូកថ្មីដែលចំណាយពេលវេលាខ្លីសម្រាប់ធ្វើដំណើរ ហើយអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាតំបន់បឹងទន្លេសាបបានយ៉ាងច្រើនផងដែរ៕