Swift cc time

ឱកាសសម្រាប់«អ្នកផលិតមាតិកា» អភិវឌ្ឍន៍សមត្ថភាព តាមរយៈកម្មវិធីThe i-SEA Fellowship Programme 2026 នៅសិង្ហបុរី

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្មវិធីThe i-SEA Fellowship Programme 2026 កំពុងបើកជ្រើសរើសអ្នកផលិតមាតិកា (Influencer) ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ចំណេះដឹង ជំនាញ ប្រកបដោយក្រមសីលធម៌ តាមរយៈការសិក្សា១ខែ និងចូលរួមសិក្ខាសាលាផ្ទាល់នៅប្រទេសសិង្ហបុរី ១សប្តាហ៍ នាថ្ងៃទី៧-១២ ធ្នូ ២០២៦ ជាមួយអ្នកផលិតមាតិកាមកពីប្រទេសផ្សេងៗ។

កម្មវិធីអាហារូបករណ៍ Influence for Impact in Southeast Asia (i-SEA) មានកម្មវិធីចម្រុះរយៈពេលមួយខែ ដែលត្រូវបានរចនាឡើងដើម្បីអភិវឌ្ឍន៍សមត្ថភាពអ្នកបង្កើតមាតិកាជាមួយនឹងចំណេះដឹង ជំនាញ និងការប្រើប្រាស់ឧបករណ៍ ដើម្បីក្លាយជាអ្នកផលិតមាតិកាឌីជីថលដែលមានក្រមសីលធម៌ និងមានឥទ្ធិពល។

បេក្ខជន នឹងទទួលបានបទពិសោធន៍ចូលរួមសិក្ខាសាលាផ្ទាល់នៅក្នុងប្រទេសសិង្ហបុរី១សប្តាហ៍ ចូលរួម និងរៀនដោយផ្ទាល់ពីអ្នកបង្កើតមាតិកាឈានមុខគេ អ្នកជំនាញក្នុងឧស្សាហកម្ម និងប្រព័ន្ធផ្សព្វផ្សាយឈានមុខគេ។ បទពិសោធន៍ បង្កើតបណ្តាញជាមួយអ្នកផលិតមាតិកាដទៃទៀតមកពីទូទាំងអាស៊ីអាគ្នេយ៍។ ដោះស្រាយបញ្ហាប្រឈមនៃ AI និងប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងពិភពលោក នៅក្នុងការប្រកួត hackathon អន្តរជាតិ រួមជាមួយអ្នកបង្កើតមាតិកាកំពូលៗមកពីអាស៊ីអាគ្នេយ៍ ឥណ្ឌា និងចិន។

ទន្ទឹមនឹងនេះ បេក្ខជនជ័យលាភី នឹងទទួលបានឱកាសចូលរួមសិក្ខាសាលានៅសិង្ហបុរី១សប្តាហ៍ដោយឥតគិតថ្លៃ ដោយកម្មវិធីនេះរ៉ាប់រងលើថ្លៃហោះហើរ ការស្នាក់នៅ៦យប់ អាហារ ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ និងវិញ្ញាបនបត្រនៃការបញ្ចប់វគ្គសិក្សា។

ចំពោះលក្ខខណ្ឌ ត្រូវតែជាអ្នកផលិតមាតិកា មកពីតំបន់អាស៊ីអាគ្នេហ៍ ចិន និងឥណ្ឌា ហើយមានអាយុក្រោម ២៥ឆ្នាំ អាចនិយាយភាសាអង់គ្លេសបានល្អ។ បន្ថែមពីនេះ បេក្ខជនដែលជាអ្នកផលិតមាតិកា ត្រូវមានfollowers ចាប់ពី១០០០នាក់ឡើងទៅ សកម្មក្នុងការបង្ហោះជាប្រចាំ ត្រូវមានវេទិកាក្នុងTikTok, Instagram, YouTube ឬផ្សេងៗទៀត។

បេក្ខជនដែលមានចំណាប់អារម្មណ៍លើឱកាសនេះ សូមអានព័ត៏មានបន្ថែម និងដាក់ពាក្យតាមរយៈ i-SEA Fellowship 2026 យ៉ាងយូរត្រឹមថ្ងៃទី៣០ សីហា ២០២៦៕

Khcct banner

អត្ថបទទាក់ទង