នគររាជសីមា៖ ម្ចាស់អាជីវកម្មរៀបចំការ និងចុងភៅការមួយកន្លែង ក្នុងខេត្តនគររាជសីមា ប្រទេសថៃ បានសម្រេចចិត្តដាក់ពាក្យប្តឹងទៅកាន់សមត្ថកិច្ច បន្ទាប់ពីកូនក្រមុំជនជាតិថៃម្នាក់មិនព្រមទូទាត់ប្រាក់ថ្លៃរៀបចំអាពាហ៍ពិពាហ៍ជិត ២០ម៉ឺនបាត(ប្រមាណ៥៩៤៩ដុល្លារ) ដោយបានអះអាងថា កូនកំលោះដែលជាជនជាតិបរទេសមិនបានប្រគល់ប្រាក់បណ្ណាការ តាមការសន្យា។នេះបើតាមការចេញផ្សាយរបស់កាសែតខាវស៊ត។
យោងតាមពាក្យបណ្តឹងបានឱ្យដឹងថា កូនក្រមុំរូបនេះបានជួលក្រុមហ៊ុនខាងលើឱ្យរៀបចំអាពាហ៍ពិពាហ៍ពេញលេញមួយ រួមមាន៖ តុចិនចំនួន ១៣០ តុ, ក្រុមតន្ត្រីផ្ទាល់, ប្រព័ន្ធភ្លើង និងសំឡេង ព្រមទាំងបរិក្ខាររៀបចំការផ្សេងៗទៀត។
ភាគីក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនបានរៀបចំពិធីទាំងមូលយ៉ាងរលូនតាមកិច្ចសន្យា ប៉ុន្តែទទួលបានប្រាក់កក់ និងការទូទាត់សរុបត្រឹមតែ ១៣០,០០០ បាតប៉ុណ្ណោះ(ជិត៤ពាន់ដុល្លារ) ដោយនៅសល់ប្រាក់ជំពាក់ចំនួន ១៩៥,០០០ បាតទៀត(ជិត៤ពាន់ដុល្លារ)។ នៅពេលក្រុមហ៊ុនទារប្រាក់ដែលនៅសល់ កូនក្រមុំរូបនោះបានទម្លាក់កំហុសថា កូនកំលោះបរទេសរបស់នាងមិនបានប្រគល់ប្រាក់បណ្ណាការតាមការព្រមព្រៀងគ្នា ទើបធ្វើឱ្យនាងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ទូទាត់ថ្លៃរៀបចំការ និងថ្លៃអាហារ។
ម្ចាស់អាជីវកម្មរូបនេះបានបន្ថែមទៀតថា អតិថិជនរូបនេះបានបង់ថ្លៃសេវាតិចតួចបំផុត និងបានពន្យារពេលបង់ប្រាក់ដែលនៅសល់ជាច្រើនលើកច្រើនសារ ធ្វើឱ្យក្រុមហ៊ុនត្រូវរ៉ាប់រងចំណាយជាមុនយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់ចរន្តសាច់ប្រាក់របស់អាជីវកម្មយ៉ាងខ្លាំង។
ជាចុងក្រោយ ម្ចាស់អាជីវកម្មបានដាក់ពាក្យប្តឹងទៅប៉ូលីសថៃជាផ្លូវការ និងក្រើនរំលឹកដល់អ្នករៀបចំពិធីការផ្សេងទៀត ឱ្យប្រើប្រាស់កិច្ចសន្យាលម្អិត និងកំណត់លក្ខខណ្ឌទូទាត់ប្រាក់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយហានិភ័យនៃការជំពាក់ប្រាក់បែបនេះ៕