អ៊ីរ៉ង់៖ ទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាម៉េរិក (CENTCOM) បានប្រកាសកាលពីយប់ថ្ងៃអាទិត្យថាខ្លួនបានបើកការវាយប្រហារចូលដល់យប់ទី ៩ លើអ៊ីរ៉ង់ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនរបស់អ៊ីរ៉ង់ក្នុងនោះរួមមានរោងចក្រថាមពល ស្ពាន ផ្លូវថ្នល់ និងកន្លែងទីបញ្ជាការយោធាអ៊ីរ៉ង់ជាច្រើនទីតាំង។ ទីបញ្ជាការកណ្តាលអះអាងទៀតថា ការវាយប្រហារទាំងនេះមានគោលបំណងធ្វើឱ្យសមត្ថភាពយោធាអ៊ីរ៉ង់ចុះខ្សោយនឹងមិនអាចបន្តវាយប្រហារលើនាវាពាណិជ្ជកម្ម និងនាវិកស៊ីវិលនៅក្នុងច្រកសមុទ្រ ហ័រមូសបានបន្ថែមទៀត។
យោងតាមសេចក្តីប្រកាសរបស់ទីបញ្ជាការកណ្តាលអាម៉េរិកតាមប្រព័ន្ធសង្គម X ថាយោអាម៉េរិកបានចាប់ផ្តើមធ្វើការវាយប្រហាររលកថ្មីប្រឆាំងនឹងអ៊ីរ៉ង់នៅម៉ោង ៧ យប់ (ម៉ោងក្នុងស្រុក) ដែលនេះជាការវាយប្រហារចូលដល់យប់ទីប្រាំបួនជាប់ៗគ្នា ដោយការវាយប្រហារទាំងនេះនឹងបន្តធ្វើឱ្យសមត្ថភាពយោធាអ៊ីរ៉ង់ចុះខ្សោយ មិនអាចប្រើដើម្បីវាយប្រហារនាវាពាណិជ្ជកម្ម និងនាវិកស៊ីវិលដែលឆ្លងកាត់ច្រកសមុទ្រ ហ័រមូសបានទៀត។
ជាការឆ្លើយតបពីការវាយប្រហាររបស់អាម៉េរិក កងឆ្មាំបដិវត្តន៍ទីក្រុងតេអេរ៉ង់អះអាងថា បានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការសត្រូវនៅក្នុងប្រទេសស៊ីរី និងក្នុងប្រទេសបារ៉ែន។ ដោយក្នុងនោះក្រសួងមហាផ្ទៃបារ៉ែនបញ្ជាក់ថាមានស៊ីរ៉ែនវាយប្រហារតាមអាកាសពីអ៊ីរ៉ង់បានបន្លឺឡើង ហើយបារ៉ែនបានជំរុញឱ្យប្រជាពលរដ្ឋ ជម្លៀសទៅកាន់កន្លែងសុវត្ថិភាពដែលនៅជិតបំផុត។
អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃអាទិត្យដែលថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាម៉េរិកពីរនៅក្នុងប្រទេសគុយវ៉ែត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារកាន់តែខ្លាំងឡើងជាងមួយសប្តាហ៍ពីអាម៉េរិកដែលបានបានវាយប្រហារលើទីតាំងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរដែលកំពុងសាងសង់របស់អ៊ីរ៉ង់៕