ប៉េកាំង៖ ការប្រកួតប្រជែងរ៉ូបូតសកលវិទ្យាល័យចិន លើកទី ២៥ (ROBOTAC) បានបើកឆាកជាផ្លូវការហើយនៅទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍ ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិតជាង ១,៦០០ នាក់ មកពី ៤២៣ ក្រុម តំណាងឱ្យសកលវិទ្យាល័យ និងវិទ្យាល័យបច្ចេកទេសចំនួន ១២៦ នៅទូទាំងប្រទេស ក្នុងនោះមានគ្រឹះស្ថានសិក្សាចំនួន ៣៣ បានចូលរួមជាលើកដំបូង។ នៅក្នុងព្រឹត្តិការណ៍រយៈពេល ៤ ថ្ងៃនេះ បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញចំនួន ២៧៨ ប្រកួត និងការដាក់បង្ហាញពិព័រណ៍រ៉ូបូតចំនួន ៣៥ គ្រឿង ដើម្បីបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងនវានុវត្តន៍ចុងក្រោយបង្អស់របស់ពួកគេ។
ការប្រកួតប្រជែងក្នុងឆ្នាំនេះ មានវិញ្ញាសាចម្រុះ និងទំនើបៗជាច្រើន ដូចជា ការប្រកួតរ៉ូបូតមនុស្ស (Humanoid Combat) ការប្រកួតប្រជែងដៃរ៉ូបូតវៃឆ្លាត (Dexterous Hand) និងការប្រកួតប្រជែងមេកានិករ៉ូបូតជើងបួន (Quadruped Mech) ដែលវិញ្ញាសាទាំងនេះ រៀបចំឡើងដើម្បីបង្ហាញពីបច្ចេកវិទ្យាឧស្សាហកម្មស្នូលឈានមុខ រួមមាន ប្រព័ន្ធរ៉ូបូតមនុស្ស ឧបករណ៍ចាប់សញ្ញាស្ទាបទន់ភ្លន់ និងការគ្រប់គ្រងចលនាចម្រុះជាដើម។ ជុំវិញព្រឹត្តិការណ៍នេះ និស្សិត Sheng Ming មកពីសកលវិទ្យាល័យ Chongqing បានលើកឡើងថា នេះជាឱកាសដ៏អស្ចារ្យមួយដែលអនុញ្ញាតឱ្យនិស្សិតជួបជុំគ្នាដើម្បីប្រកួតប្រជែងផង និងរៀនសូត្រពីបច្ចេកវិទ្យាពិសេសៗពីគ្នាទៅវិញទៅមកផង។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ ROBOTAC នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០២ មក ហើយបានក្លាយជាការប្រកួតរ៉ូបូតកម្រិតនិស្សិតសកលវិទ្យាល័យដែលមានឥទ្ធិពល និងបញ្ហាប្រឈមផ្នែកបច្ចេកទេសខ្លាំងបំផុតនៅក្នុងប្រទេសចិន ដោយឡែក ម្ចាស់ជើងឯកនៃវិញ្ញាសានីមួយៗសម្រាប់ឆ្នាំនេះ នឹងត្រូវប្រកាសនៅថ្ងៃអង្គារខាងមុខនេះ៕