វ៉ាស៊ីនតោន៖ ទាហានអាម៉េរិកចំនួន ២ នាក់បានស្លាប់ និងម្នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងទឹកដីប្រទេសហ្សកដានី កាលពីថ្ងៃសុក្រ ក្រោយរងការវាយប្រហារដោយគ្រាប់មីស៊ីលបាលីស្ទីក និងដ្រូនពីសំណាក់កងទ័ពអ៊ីរ៉ង់។ ជាការឆ្លើយតបភ្លាមៗ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបើកការវាយប្រហារតាមអាកាសសងសឹកទៅលើអ៊ីរ៉ង់ ជាប់ៗគ្នា កាលពីយប់ថ្ងៃសៅរ៍ ដើម្បីដាក់ទណ្ឌកម្មលើកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) និងកាត់បន្ថយសមត្ថភាពគំរាមកំហែងរបស់ប្រទេសនេះនៅច្រកសមុទ្រហ័រមូស (Hormuz)។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC ការសងសឹកគ្នាទៅវិញទៅមកនេះ បានផ្ទុះឡើងបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នបានដួលរលំទាំងស្រុង ក្នុងរយៈពេលមិនដល់មួយខែ ដោយអាម៉េរិក បានដាក់ទណ្ឌកម្មបិទកំពង់ផែអ៊ីរ៉ង់ឡើងវិញ ខណៈអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក។
គិតមកទល់ពេលនេះ ចំនួនទាហានអាម៉េរិកដែលបានស្លាប់នៅក្នុងជម្លោះនេះ បានកើនឡើងដល់ ១៦ នាក់។ ក្រសួងការបរទេសអាម៉េរិក បានចេញសេចក្តីប្រកាសអាសន្នទូទាំងពិភពលោក ដោយព្រមានពលរដ្ឋខ្លួន ជាពិសេសអ្នកដែលកំពុងស្ថិតនៅតំបន់មជ្ឈិមបូព៌ា ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះហានិភ័យនៃសង្គ្រាមនេះ៕