សវណ្ណខេត៖ អាជ្ញាធរឡាវ កាលពីថ្ងៃទី ១៦ ខែកក្កដា បានចុះប្រតិបត្តិការឆ្មក់បង្ក្រាបឃ្លាំងមួយកន្លែងក្នុងខេត្តសវណ្ណខេត ដោយបានឃាត់ខ្លួនជនជាតិថៃចំនួន ៤២ នាក់ និងដកហូតសម្ភារៈបច្ចេកវិទ្យាជាច្រើនគ្រឿង។ ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានការលួចបើកគេហទំព័រល្បែងអនឡាញខុសច្បាប់ដំណើរការពេញ ២៤ ម៉ោង។ បច្ចុប្បន្ន អាជ្ញាធរឡាវ កំពុងបន្តស៊ើបអង្កេត ដើម្បីតាមរកបណ្តាញពាក់ព័ន្ធផ្សេងទៀត។
យោងតាមកាសែត The Laotian Times ការបង្ក្រាបនេះ ស្ថិតក្នុងយុទ្ធនាការទ្រង់ទ្រាយធំរបស់ឡាវ ប្រឆាំងនឹងបទល្មើសល្បែងស៊ីសងនៅតាមបណ្តោយព្រំដែនថៃ។ កាលពីខែមិថុនា កន្លងទៅ អាជ្ញាធរក្នុងខេត្តសវណ្ណខេត ក៏បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៦១ នាក់ នៅរមណីយដ្ឋានមួយកន្លែងក្នុងស្រុកសេពូន ដោយដកហូតបានលិខិតឆ្លងដែន ទូរស័ព្ទ និងប្រាក់សុទ្ធជាង ២,១ ពាន់លានដុង (ប្រហែល ៨០,០០០ ដុល្លារអាម៉េរិក)។
កាលពីខែឧសភា អាជ្ញាធរឡាវបានឃាត់ខ្លួន និងបណ្តេញជនជាតិថៃសរុប ២០៨ នាក់ចេញពីប្រទេស ដោយក្នុងនោះ ១០២ នាក់ត្រូវបានចាប់ខ្លួនក្នុងក្រុងកៃសន ភំវិហាន និង ១០៦ នាក់ទៀតក្នុងខេត្តបូលីខាំសៃ។ កាលពីថ្ងៃទី ១៧ ខែកក្កដា អាជ្ញាធររដ្ឋធានីវៀងចន្ទន៍ ក៏បានចាប់ខ្លួន និងបញ្ជូនជនជាតិថៃចំនួន ២០ នាក់ត្រឡប់ទៅប្រទេសវិញ ក្រោយរកឃើញករណីលួចបើកល្បែងអនឡាញក្នុងអាផាតមិនមួយកន្លែងផងដែរ៕