ភ្នំពេញ៖ ក្រសួងការងារ អំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ជាពិសេសមកពីប្រទេសថៃ ឱ្យមកចុះឈ្មោះចូលឪៀរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាផ្គូផ្គងការងារ ដើម្បីបង្កើនឱកាសការងារ និងការប្រកបអាជីវកម្មនៅក្នុងប្រទេសឱ្យកាន់តែប្រសើរឡើង។
នៅក្នុងកិច្ចសហការនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ដៃគូជាមួយមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាព។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយឱ្យអតីតពលករអាចអភិវឌ្ឍជំនាញបន្ថែម និងពង្រឹងសមត្ថភាពលើជំនាញដែលមានស្រាប់។ លើសពីនេះ កម្មវិធីក៏មានគោលដៅជំរុញឱ្យអតីតពលករយកបទពិសោធន៍ការងារដែលទទួលបានពីក្រៅប្រទេស មកកែច្នៃប្រើប្រាស់ឱ្យចំគោលដៅ និងស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារក្នុងស្រុក ព្រមទាំងជួយជ្រោមជ្រែងឱ្យអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយជោគជ័យ និងនិរន្តរភាពផងដែរ។
គោលបំណងចម្បងនៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីគាំទ្រដល់អតីតពលករខ្មែរឱ្យអាចបន្តអភិវឌ្ឍសមត្ថភាព បង្កើនឱកាសទទួលបានការងារសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅតាមរយៈការងារ ឬការបង្កើតមុខរបរដោយខ្លួនឯង។
សម្រាប់អតីតពលករដែលមានបំណងចង់ចុះឈ្មោះចូលរៀនកម្មវិធីនេះដោយឥតគិតថ្លៃ អាចអញ្ជើញទៅកាន់ទីតាំងផ្ទាល់នៅមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលមានទីតាំងស្ថិតនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រៅពីនេះ ក៏អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ +៨៥៥ ១២ ៦៤៦ ៥០០ ឬ +៨៥៥ ១០ ៦៤៦ ៥០០ ជារៀងរាល់ម៉ោងធ្វើការផងដែរ៕