ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចជូនលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំ រៀបចំ គិតគូរ អំពីការដាក់ចេញវិធានការចាំបាច់ និងជាបន្ទាន់មួយចំនួនបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាជំរុញ លើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម (SME)។ជាមួយគ្នានោះ សម្តេចប្រកាសស្វាគមន៍មតិយោបល់របស់សហគ្រាសធុនតូច និងមធ្យម (SME) គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
យោងតាមបណ្តាញសង្គមផ្លូវការនៅថ្ងៃនេះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ក៏បានដាក់ចេញនូវគោលនយោបាយ និង វិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME ហើយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយសម្រួលដល់ការបង្កើតនិងដំណើរការរបស់ SME។
បើតាមសម្តេច នៅក្នុងដំណាក់កាលបច្ចុប្បន្នដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន ដើម្បីជំនួសឱ្យការនាំចូល តួនាទីរបស់ SME គឺកាន់តែមានសារៈសំខាន់។ ក្នុងគោលដៅនេះ សម្តេចប្រគល់ ភារកិច្ចជូនលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំ រៀបចំ គិតគូរ អំពីការដាក់ចេញវិធានការចាំបាច់ និងជាបន្ទាន់មួយចំនួនបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាជំរុញ លើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម (SME) ។
ក្នុងន័យនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា សម្តេច ហ៊ុន ម៉ាណែត ស្វាគមន៍មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរក្នុងវិស័យ SME ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៏ដូចជាក្នុងការដោះស្រាយចំពោះបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូច ឬមធ្យមកំពុងជួបប្រទះ។សម្រាប់សម្តេច មតិយោបល់ទាំងនេះ គឺជាធាតុចូលបន្ថែមយ៉ាងសំខាន់ សម្រាប់រាជរដ្ឋាភិបាលធ្វើជាមូលដ្ឋាន សម្រាប់ការដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយបញ្ហាសម្រាប់ SME ឱ្យកាន់តែមានប្រសិទ្ធភាព និង ចំគោលដៅ៕