Swift cc time

អ៊ីស្រាអែលគ្រោងជីកព្រែកដាក់«សត្វក្រពើ»ព័ទ្ធពន្ធនាគារដាក់អ្នកទោសជនជាតិប៉ាឡេស្ទីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ីស្រាអែល៖ អ៊ីស្រាអែលគ្រោងនឹងចាត់វិធានការផ្លូវច្បាប់ថ្មីមួយមិនធ្លាប់មានដើម្បីឆ្ពោះទៅរកការអនុវត្តសំណើរបស់រដ្ឋមន្ត្រីសន្តិសុខជាតិជ្រុលនិយមលោក Itamar Ben-Gvir ដើម្បីជីកព្រែកហ៊ុំព័ទ្ធពន្ធនាគារដែលឃុំខ្លួនជនជាប់ឃុំប៉ាឡេស្ទីនជាមួយនឹងព្រែកជីកដែលដាក់ក្រពើរាប់រយក្បាលនៅក្នុងព្រែកដើម្បីការពារពីការរត់គេចខ្លួនរបស់ជនជាតិប៉ាឡេស្ទីនដែលត្រូវបានអ៊ីស្រាអែលចាប់ឃុំឃាំង។

យោងតាមទីភ្នាក់ងារព័ត៌មាន Anadolu Agency បានរាយការណ៍ថា រដ្ឋមន្ត្រីការពារបរិស្ថានអ៊ីស្រាអែលលោកស្រី Idit Silman បានចុះហត្ថលេខាលើបទបញ្ជាមួយដែលបានចាត់ថ្នាក់សត្វក្រពើឡើងវិញជាសត្វព្រៃដែលត្រូវបានគ្រប់គ្រង ដែលអនុញ្ញាតឱ្យស្ថាប័នរដ្ឋាភិបាល រួមទាំងសេវាពន្ធនាគារអ៊ីស្រាអែល រក្សាពួកវានៅក្នុងកន្លែងដាក់អ្នកជាប់ពន្ធនាគារបានដោយស្របច្បាប់។ ចំណាត់ការច្បាប់ថ្មីនេះគឺដើម្បីលុបបំបាត់ឧបសគ្គផ្លូវច្បាប់ដ៏សំខាន់មួយដែលបានរារាំងផែនការជីកព្រែកព័ទ្ធជុំវិញពន្ធនាគារនេះ ដោយសារតែសត្វក្រពើត្រូវបានចាត់ថ្នាក់ជាសត្វព្រៃដែលត្រូវបានការពារពីមុនដែលអាចរក្សាទុកបានតែនៅក្នុងសួនសត្វដែលមានអាជ្ញាប័ណ្ណប៉ុណ្ណោះ។

រដ្ឋមន្ត្រីសន្តិសុខជាតិជ្រុលនិយមអ៊ីស្រាអែលលោក Itamar Ben-Gvir 

លោក Ben-Gvir រដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានបង្ហាញសំណើនេះប្រហែលប្រាំមួយខែមុន ដោយអំពាវនាវឱ្យមានពន្ធនាគារដែលមានសុវត្ថិភាពខ្ពស់ត្រូវតែហ៊ុំព័ទ្ធដោយផ្លូវទឹកបន្ថែមទៀតដាក់បញ្ចូលសត្វក្រពើ ដើម្បីរារាំងការប៉ុនប៉ងរត់គេចខ្លួនដោយអ្នកជាប់ឃុំប៉ាឡេស្ទីន។ សេវាពន្ធនាគារអ៊ីស្រាអែលបានចាប់ផ្តើមពិនិត្យមើលលទ្ធភាពនៃគម្រោងនេះរួចហើយ រួមទាំងការទៅទស្សនាសួនសត្វដើម្បីសិក្សាពីតម្រូវការថែទាំ និងការគ្រប់គ្រងក្រពើមុននឹងឈានទៅដល់ការសម្រេចច្បាប់ថ្មីមួយនេះ។

យ៉ាងណាមិញមិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីសេវាពន្ធនាគារអ៊ីស្រាអែលលើផែនការដែលបានរាយការណ៍ ឬពន្ធនាគារដែលអាចនឹងត្រូវបានអនុវត្តច្បាប់ថ្មីនេះនៅឡើយនោះទេ គិតត្រឹមខែ កក្កដា នេះមានប្រជាជនប៉ាឡេស្ទីនប្រហែល ៩៥០០ នាក់កំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារអ៊ីស្រាអែល រួមទាំងស្ត្រី និងកុមារ៕

Khcct banner

អត្ថបទទាក់ទង