ចិន៖ គ្រោះរអិលបាក់ដីមួយបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រនៅជាយក្រុង ឆុងឈីង ភាគនិរតីប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ និងបាត់ខ្លួន ៣៤ នាក់ ដែលកំពុងតែបន្តកប់ក្នុងអគារលំនៅដ្ឋានដែលរងគ្រោះ ការរអិលបាក់ដីមួយនេះបង្ខំឱ្យមនុស្សជាង ១១០០ នាក់ត្រូវជម្លៀសចេញពីលំនៅដ្ឋានភ្លាមៗ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន គ្រោះរអិលបាក់ដីនេះបានកើតឡើងនៅក្នុងស្រុក Pengshui នៅជាយក្រុងឆុងឈីងនៅពេលដែលថ្ម និងដីយ៉ាងច្រើនបានហូរចុះតាមជម្រាលភ្នំ ដោយបានបាក់ស្រុតក្នុងកម្លាំងយ៉ាងខ្លាំងកប់អគារលំនៅដ្ឋានជាង ១០ ខ្នង។ មន្រ្តីក្នុងតំបន់អះអាងថា មនុស្ស ១០ នាក់ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែក រួមទាំងពីរនាក់រងរបួសធ្ងន់ធ្ងរ។
លោក Wang Chuanjun ប្រធានផ្នែកផែនការ និងធនធានធម្មជាតិនៅស្រុក Pengshui អះអាងថា ការរអិលបាក់ដីនេះមានថ្ម និងកំទេចកំទីប្រហែល ១៨,០០០ ម៉ែត្រគូប ហើយថ្មដុំធំបំផុតមានប្រហែល ៣,០០០ ម៉ែត្រគូប។ លោក Wang ក៏បានព្រមានអំពីហានិភ័យនៃការដួលរលំបន្ថែមទៀតក្រោមលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ ដូចជាភ្លៀងធ្លាក់ខ្លាំង ឬអាកាសអាក្រក់។ លោកបន្ថែមទៀតថា ការផ្គត់ផ្គង់ទឹក អគ្គិសនី និងឧស្ម័នត្រូវបានកាត់ផ្តាច់ក្នុងរង្វង់ ១ គីឡូម៉ែត្រនៃតំបន់រងគ្រោះ។ ឆ្លើយតបទៅហេតុការណ៍ដ៏អាក្រក់នេះមានអ្នកជួយសង្គ្រោះជាង ៨០០ នាក់បានធ្វើការនៅនឹងកន្លែងទាំងយប់ និងថ្ងៃដើម្បីជួយសង្រ្គោះអ្នកដែលកប់ក្នុងគំនរ។
លោកប្រធានាធិបតីចិន ស៊ីជិនពីង បានស្នើឱ្យអាជ្ញាធរកំណត់មូលហេតុនៃគ្រោះមហន្តរាយនេះនិងបើកប្រតិបត្តិការជួយសង្រ្គោះពលរដ្ឋដែលកំពុងតែបន្តជាប់គាំងក្នុងគំនរបាក់បែកនៃអគារ៕