ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងបើកជ្រើសរើសសិស្សានុសិស្សនិងនិស្សិតកម្ពុជា ចូលរួមប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)” ដើម្បីលើកកម្ពស់ការសិក្សា និងការអភិវឌ្ឍជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល វិស្វកម្ម រូបវិទ្យា និងគណិតវិទ្យា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកលំហអាកាសផងដែរ។ កម្មវិធីនេះ មាន២កម្រិត សម្រាប់សិស្សនៅវិទ្យាល័យ និស្សិតមហាវិទ្យាល័យ។
កម្មវិធីនេះផ្តល់ឱកាសដល់សិស្សានុសិស្សនិងនិស្សិតកម្ពុជា ក្នុងការអនុវត្តជាក់ស្តែងលើការសរសេរកូដក្នុង Simulator សម្រាប់ការបញ្ជារ៉ូបូតនៅក្នុងស្ថានីយលំហអាកាសអន្តរជាតិ (International Space Station “ISS”) ដើម្បីពង្រឹងជំនាញដោះស្រាយបញ្ហា ការគិតវិភាគ ការធ្វើការជាក្រុម និងការចូលរួមកសាងសមត្ថភាពដែលពាក់ព័ន្ធនឹងវិស័យលំហអាកាស ព្រមទាំងបង្កើនបណ្តាញទំនាក់ទំនងថ្នាក់ជាតិនិងអន្តរជាតិ។
បើតាមក្រសួងប្រៃសណីយ៍ ការប្រកួតប្រជែងនេះនឹងបែងចែកចេញជា ២កម្រិត គឺ៖ កម្រិតដំបូង សម្រាប់សិស្សនៅវិទ្យាល័យអាយុក្រោម១៦ឆ្នាំ និង កម្រិតមធ្យម សម្រាប់សិស្សវិទ្យាល័យឬនិស្សិតមហាវិទ្យាល័យ ដែលមានចំណេះដឹងក្នុងការសរសេរកូដ ដោយមិនកំណត់អាយុ។
ចំពោះលក្ខខណ្ឌ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ (ស្ត្រីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ) ត្រូវចុះឈ្មោះជាក្រុម ដោយមានសមាជិកចំនួន ៣ - ៦ នាក់/ក្រុម ជាសិស្ស ឬនិស្សិតដែលមានចំណាប់អារម្មណ៍លើវិទ្យាសាស្ត្រលំហអាកាស រ៉ូបូត ការសរសេរកូដ ឬបច្ចេកវិទ្យាថ្មីៗ និងអាចប្រើប្រាស់ភាសា Python ឬ C++ បាន ត្រូវចូលរួមការបណ្តុះបណ្តាល ឬការណែនាំ និងស្វ័យសិក្សាលើឯកសារដែលកម្មវិធីផ្តល់ជូន។
អត្ថប្រយោជន៍នៃកម្មវិធី បេក្ខជននឹងទទួលបានចំណេះដឹង និងបទពិសោធថ្មីៗផ្នែកសរសេរកូដ និងវិទ្យាសាស្ត្រលំហអាកាស ទទួលបានការបណ្តុះបណ្តាល និងការណែនាំពីអ្នកជំនាញ បង្កើនសមត្ថភាពការងារជាក្រុម ការគិតវិភាគ និងការដោះស្រាយបញ្ហា បង្កើតបណ្ដាញទំនាក់ទំនងជាមួយសិស្ស និស្សិត និងអ្នកជំនាញពីបណ្ដាប្រទេសផ្សេងៗ ក្រុមសិស្សនិស្សិតដែលឈ្នះឬមានសមត្ថភាព មានឱកាសដើម្បីជ្រើសរើសជាតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ។
ក.ប.ទ. នឹងផ្តល់លិខិតសរសើរ និងប្រាក់រង្វាន់ សម្រាប់ក្រុមជ័យលាភីទាំង ៣ក្រុម នៃកម្រិតនីមួយៗរួមមាន៖ សម្រាប់កម្រិតដំបូង ក្រុមជ័យលាភីលេខ១ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៦លានរៀល ក្រុមជ័យលាភីលេខ២ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៣លានរៀល ក្រុមជ័យលាភីលេខ៣ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ១,៤លានរៀល។
សម្រាប់កម្រិតមធ្យម ក្រុមជ័យលាភីលេខ១ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៨លានរៀល ព្រមទាំងឱកាសចូលរួមប្រកួតប្រជែងថ្នាក់តំបន់នៅប្រទេសជប៉ុន ក្រុមជ័យលាភីលេខ២ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៤លានរៀល ក្រុមជ័យលាភីលេខ៣ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ២លានរៀល។ ក្នុងករណីក្រុមតំណាងកម្ពុជាអាចជាប់ក្នុងលំដាប់ Top5 ក្នុងថ្នាក់តំបន់ នឹងទទួលបានការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមទៀត ចំនួន ១២លានរៀល។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការទទួលព័ត៌មានបន្ថែម អាចចុះឈ្មោះចូលរួមសិក្ខាសាលាផ្សព្វផ្សាយដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការ ក.ប.ទ. ដោយត្រូវចុះឈ្មោះតាម https://go.gov.kh/mptc/seminar ត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ ក្រុមនីមួយៗ ដែលមានបំណងចូលរួមការប្រកួតប្រជែង ត្រូវដាក់ពាក្យតាមរយៈ https://go.gov.kh/mptc/kibo-pro ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៕