ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសប្តេជ្ញាជំរុញគម្រោងហេដ្ឋារចនាសំខាន់ៗរបស់កម្ពុជា ដើម្បីគាំទ្រសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជនកម្ពុជា លោកថាចិន និងកម្ពុជាគួរបន្តពង្រឹងមិត្តភាពដែកថែប និងជំរុញការកសាង «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងត្រី និងអង្ករ» ព្រមទាំងពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់លោកស៊ីជិនពីង ក្នុងជំនួបជាមួយនឹងសម្តេច ហ៊ុនម៉ាណែតនៅទីក្រុងសៀងហៃនាល្ងាចថ្ងៃទី ១៧ ខែ កក្កដានេះ។
បើតាមលោក ស៊ី ជីនពីង ភាគីទាំងពីរគួរបន្តអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការពេជ្រប្រាំមួយជ្រុងបង្កើនទំនុកចិត្តនយោបាយ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត (AI) សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាទំនើប។ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់លើការប្រើប្រាស់យន្តការសន្ទនាយុទ្ធសាស្ត្រ «៣+៣» រវាងប្រទេសទាំងពីរ ដើម្បីរួមគ្នាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមមាន ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ល្បែងអនឡាញ និងការរត់ពន្ធ។
សម្រាប់លោក ស៊ី ជីនពីង ការរក្សាបទឈប់បាញ់ និងការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ស្របតាមផលប្រយោជន៍មូលដ្ឋាន និងរយៈពេលវែងរបស់ប្រទេសទាំងពីរ។ លោកបញ្ជាក់ថា ចិនគាំទ្រកម្ពុជា និងថៃក្នុងការស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា និងការចរចា ហើយត្រៀមបន្តដើរតួនាទីវិជ្ជមានក្នុងដំណើរការនេះ។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាបន្តប្រកាន់ខ្ជាប់គោលនយោបាយមិត្តភាពជាមួយចិន និងគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ។ សម្តេច បានអរគុណចំពោះការគាំទ្ររយៈពេលវែងរបស់ចិនចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា និងបង្ហាញឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងការបង្ក្រាបបទល្មើសឆ្លងដែន។
សម្តេច ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះតួនាទីរបស់ចិនក្នុងការលើកកម្ពស់ការចរចាសន្តិភាព និងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ហើយកម្ពុជានឹងបន្តជំរុញការសន្ទនា និងការចរចា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងរក្សាសន្តិភាពតាមព្រំដែន៕