អាម៉េរិក៖ ម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងទទួលបាន «ចិញ្ចៀនជើងឯក»ដាំពេជ្រ (Championship Rings) ដែលជានិមិត្តសញ្ញានៃជ័យជម្នះថ្មីស្រឡាងមួយបន្ថែមពីលើពានរង្វាន់ និងមេដាយមាស។ នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ FIFA ក្នុងការប្រគល់ជូននូវចិញ្ចៀនដ៏ប្រណិតសម្រាប់កីឡាករដែលឈ្នះ។ តាមប្រភពពី FIFA ចិញ្ចៀនទាំងនោះនឹងត្រូវផលិតឡើងក្នុងចំនួនកំណត់ត្រឹមតែ ២,០២៦ វង់ប៉ុណ្ណោះ (តំណាងឱ្យឆ្នាំ ២០២៦)។
នៅក្នុងចំណោមចិញ្ចៀនទាំងអស់នេះ ចំនួន ៣០ វង់ នឹងត្រូវរចនាឡើងយ៉ាងសម្រិតសម្រាំង និងវាស់ទំហំម្រាមដៃផ្ទាល់ខ្លួន ដើម្បីប្រគល់ជូនក្រុមកីឡាករ និងគ្រូបង្វឹកដែលឈ្នះពាន ខណៈចំនួន ១,៩៩៦ វង់ដែលនៅសល់ នឹងត្រូវដាក់លក់ជាផលិតផលផ្លូវការសម្រាប់អ្នកគាំទ្រទូទាំងពិភពលោកអាចទិញទុកជាការចងចាំ។
នៅលើចិញ្ចៀននីមួយៗ នឹងមានការរចនារូបពានរង្វាន់ World Cup នៅផ្ទៃម្ខាង រីឯផ្ទៃម្ខាងទៀតនឹងត្រូវច្នៃទៅតាមអត្តសញ្ញាណរបស់ក្រុមដែលឈ្នះជើងឯក ព្រមទាំងមានវាយលេខសម្គាល់រៀងៗខ្លួន និងមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់ភាពពិតប្រាកដថែមទៀត។
គួររម្លឹកថានៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៩ ខែកក្កដា សប្តាហ៍ក្រោយនេះ (ពេលវេលានៅកម្ពុជា គឺព្រឹកព្រលឹមថ្ងៃទី២០ ខែកក្កដា) ខាងមុខនេះ នឹងត្រូវរកឃើញថាតើក្រុមណាដែលនឹងគ្រងតំណែងម្ចាស់ពាន និងទទួលបានចិញ្ចៀនដ៏អស្ចារ្យដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមួយនេះ៕