វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ត្រាំ នឹងធ្វើជាគណៈអធិបតីកិត្តិយសក្នុងការប្រគល់ពានរង្វាន់ FIFA WORLD CUP ២០២៦ ជូនដល់ក្រុមដែលនឹងក្លាយជាម្ចាស់ពាននារដូវកាលនេះ។សេតវិមានបានបញ្ជាក់ថាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ នឹងចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃទី ១៩ ខែកក្កដា រវាងប្រទេសអេស្ប៉ាញ និងអាហ្សង់ទីន ដែលនេះនឹងក្លាយជាការបង្ហាញខ្លួនលើកដំបូងរបស់លោកទស្សនាផ្ទាល់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃទី ១៦ កក្កដាថា ថាការចូលរួមរបស់លោកនឹងធ្វើជាធិបតីបិទបញ្ចប់ព្រឹត្តិការណ៍ World Cup ដែលមានអ្នកទស្សនាច្រើនបំផុត មានសុវត្ថិភាពបំផុត និងទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក។ លោកស្រី Leavitt បន្ថែមទៀតថានេះជាការបង្ហាញពីសមត្ថភាពរបស់អាម៉េរិកក្នុងការធ្វើជាម្ចាស់ផ្ទះពិភពលោកនៅលើឆាកដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ World Cup 2026 នេះ។លោកស្រីថាក្រៅពីនេះលោក ក៏នឹងចូលរួមពិធីទទួលភ្ញៀវសម្រាប់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA នៅ Trump Tower ក្នុងទីក្រុងញូវយ៉កនៅថ្ងៃទី ១៧ ខែកក្កដានេះផងដែរ។
សម្រាប់លោកស្រី Leavitt លោកស្រីមិនដឹងថាតើលោកប្រធានាធិបតី នឹងគាំទ្រប្រទេសអាហ្សង់ទីន ឬអេស្ប៉ាញឡើយ លោកស្រីមិនច្បាស់ព្រោះលោកត្រាំធ្លាប់បានរិះគន់អេស្ប៉ាញនៅឯកិច្ចប្រជុំកំពូល NATO កាលពីសប្តាហ៍មុន ចំពោះការខកខានមិនបានជួយក្នុងសង្គ្រាមអ៊ីរ៉ង់។
លោក Gianni Infantino ប្រធាន FIFA បានប្រកាសកាលពីខែមិថុនាថា លោក ត្រាំ នឹងចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរដ្ឋ New Jersey និងប្រគល់ពានរង្វាន់ដល់អ្នកឈ្នះ៕