Swift cc time

ចិនក្លាយជាប្រទេសទី២លើលោក ដែលមានថាមពលអគ្គិសនីដើរដោយកម្ដៅព្រះអាទិត្យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ គិតត្រឹមចុងខែ មិថុនា ឆ្នាំ២០២៦នេះ ប្រទេសចិន មានសមត្ថភាពផលិតថាមពលអគ្គិសនីដើរដោយកម្ដៅព្រះអាទិត្យ (Concentrated Solar Power) ឬហៅកាត់ថា CSP កើនឡើងរហូតដល់ ២.១ ជីហ្គាវ៉ាត់ ធ្វើឱ្យចិនក្លាយជាប្រទេសឈរចំណាត់ថ្នាក់លេខ ២ លើពិភពលោក គឺបន្ទាប់ពីអេស្ប៉ាញ។

បច្ចេកវិទ្យា CSP មានលក្ខណៈខុសប្លែកពីបន្ទះសូឡាពន្លឺធម្មតា ដោយវាប្រើប្រាស់ផ្ទាំងកញ្ចក់ឆ្លុះ ដើម្បីប្រមូលផ្ដុំពន្លឺព្រះអាទិត្យបង្កើតជាកម្ដៅយ៉ាងខ្លាំង រួចរក្សាទុកកម្ដៅនោះ (តាមរយៈបច្ចេកវិទ្យាអំបិលរលាយ - Molten Salt) ដើម្បីយកទៅបង្វិលម៉ាស៊ីនផលិតអគ្គិសនីនៅពេលយប់ ឬពេលគ្មានពន្លឺថ្ងៃ ដែលជួយផ្ដល់ស្ថេរភាពខ្ពស់ដល់បណ្ដាញអគ្គិសនីជាតិ។

បច្ចុប្បន្ន ចិនមានគម្រោង CSP ចំនួន ២៤ កំពុងដំណើរការ និង ២៦ គម្រោងទៀត (ស្មើនឹង ៣.២ ជីហ្គាវ៉ាត់) កំពុងស្ថិតក្រោមការសាងសង់។ វិស័យថាមពលមួយនេះ សម្រេចបានអត្រាកំណើនប្រចាំឆ្នាំជាមធ្យមរហូតដល់ ១១.៧% ចាប់តាំងពីឆ្នាំ២០២១ មក ល្បឿននេះខ្ពស់ជាងអត្រាកំណើនជាសកល (៤.២៤%) យ៉ាងខ្លាំង។

បច្ចេកវិទ្យា CSP ជំនាន់ទី៤នេះ ចិនអាចផលិតឧបករណ៍ក្នុងស្រុកដោយខ្លួនឯងរហូតដល់ជាង ៩៥% និង បានកាត់បន្ថយថ្លៃដើមសាងសង់ពាក់កណ្ដាល និង មានគោលដៅជំរុញសមត្ថភាពផលិតឱ្យកើនបន្ថែមទៀតនៅត្រឹមឆ្នាំ២០៣០ ដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ៕

Khcct banner

អត្ថបទទាក់ទង