កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលីបានសម្តែងការខកចិត្ត និងខឹងសម្បារជាពន់ពេក បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ថា អាជ្ញាធរឡាវគ្រោងចោទប្រកាន់អ្នកពាក់ព័ន្ធក្នុងករណីពុលស្រាលាយសារធាតុមេតាណុល (Methanol) កាលពីឆ្នាំ២០២៤ ត្រឹមទោសជាប់ពន្ធនាគារ ១ឆ្នាំ និងពិន័យជាប្រាក់ ១,១០០ ដុល្លារអាម៉េរិកប៉ុណ្ណោះ។សោកនាដកម្មនេះបានសម្លាប់ជីវិតភ្ញៀវទេសចរបរទេសចំនួន ៦នាក់ រួមមានជនជាតិអូស្ត្រាលី អង់គ្លេស អាមេរិក និងដាណឺម៉ាក បន្ទាប់ពីពួកគេបានសេពគ្រឿងស្រវឹងដែលផ្ទះសំណាក់ Nana Backpacker ក្នុងទីក្រុងទេសចរណ៍វ៉ាងវៀង ចែកជូនដោយឥតគិតថ្លៃ។
យោងតាមការចេញផ្សាយរបស់កាសែតBBC ភេសជ្ជៈទាំងនោះត្រូវបានគេសង្ស័យថាមានលាយសារធាតុមេតាណុល ដែលជាសារធាតុពុលក្នុងទឹកថ្នាំលាបពណ៌ ហើយត្រូវបានជនខិលខូចលួចយកមកលាយក្នុងស្រាដើម្បីកាត់បន្ថយការចំណាយ។
ចំពោះចំណាត់ការច្បាប់នេះ ក្រុមគ្រួសារជនរងគ្រោះបានថ្កោលទោសខ្លាំងៗថាជា «រឿងកំប្លែង » ដែលមើលងាយតម្លៃជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរ។
ជាការឆ្លើយតបភ្លាមៗ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានសម្រេចកោះហៅឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសអូស្ត្រាលីមកសាកសួរ និងបានចាត់តាំងប្រេសិតពិសេសម្នាក់ឱ្យធ្វើដំណើរទៅប្រទេសឡាវជាបន្ទាន់ ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តនេះ ព្រមទាំងទាមទារឱ្យមានការចោទប្រកាន់ និងកាត់ទោសទៅតាមទម្ងន់នៃបទល្មើសពិតប្រាកដ៕