បាងកក៖ ក្រសួងការងារថៃ បានឱ្យដឹងថា និស្សិតបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សាចំនួនជាង ៥១,០០០ នាក់ នៅតែបន្តគ្មានការងារធ្វើ ទោះបីជាបច្ចុប្បន្នមានឱកាសការងារទំនេររហូតដល់ ៣១១,៩៨៣ កន្លែងនៅទូទាំងប្រទេសក៏ដោយ។ ក្រសួងបានគូសបញ្ជាក់ថា បញ្ហានេះកើតឡើងដោយសារ «គម្លាតរវាងជំនាញដែលនិស្សិតមាន និងតម្រូវការជាក់ស្តែងនៅលើទីផ្សារការងារ» (Skills Mismatch) ដែលកំពុងតែកើនឡើង។
យោងតាមការចេញផ្សាយរបស់កាសែត Thai Enquirer ក្រសួងការងារថៃបានសហការជាមួយក្រុមហ៊ុនឈានមុខគេចំនួន ៣៥ ដើម្បីតម្រង់ទិសការបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យស្របទៅនឹងតម្រូវការឧស្សាហកម្ម ដោយផ្តោតលើការលើកកម្ពស់ជំនាញ (Upskilling) និងការបណ្តុះបណ្តាលជំនាញថ្មី (Reskilling) ដល់អ្នកស្វែងរកការងារធ្វើ ជាពិសេសគឺនិស្សិតទើបបញ្ចប់ការសិក្សាថ្មីៗ ទៅតាមតម្រូវការជាក់ស្តែងរបស់និយោជក។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រសួងការងារថៃកំពុងធ្វើការអភិវឌ្ឍប្រព័ន្ធស្វែងរកការងារធ្វើផ្លូវការរបស់ខ្លួនដែលមានឈ្មោះថា «Thai Mee Ngan Tham» (ថៃមានការងារធ្វើ) ដើម្បីជួយសម្រួលដល់ការផ្គូផ្គងការងារឱ្យកាន់តែមានប្រសិទ្ធភាព ដោយភ្ជាប់មុខតំណែងដែលទំនេរ ទៅនឹងតម្រូវការជំនាញរបស់និយោជក។ បន្ថែមលើនេះ មន្ត្រីជំនាញក៏កំពុងពិនិត្យឡើងវិញនូវច្បាប់ពាក់ព័ន្ធនឹងការងារ និងការផ្តល់ការលើកទឹកចិត្តនានា ដើម្បីគាំទ្រដល់ការជ្រើសរើសបុគ្គលិក និងរៀបចំកម្លាំងពលកម្មឱ្យបានរួចរាល់សម្រាប់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងការវិនិយោគថ្មីៗនាពេលអនាគត។
ការចាត់វិធានការនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍ស្រាវជ្រាវពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ បានរកឃើញថា ភាគច្រើននៃអ្នកគ្មានការងារធ្វើជាលើកដំបូង គឺជានិស្សិតបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ ខណៈដែលអ្នកគ្មានការងារធ្វើរយៈពេលវែងភាគច្រើន មានអាយុចន្លោះពី ២០ ដល់ ២៩ ឆ្នាំ ដែល ទាមទារឱ្យមានការដោះស្រាយជាបន្ទាន់៕