ញូវដេលី៖ តម្លៃប្រេងបានកើនឡើងខ្ពស់ម្តងទៀតនៅថ្ងៃសុក្រនេះ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានបង្កើនការវាយប្រហារនៅទូទាំងឈូងសមុទ្រដោយអាម៉េរិកបន្តវាយយ៉ាងខ្លាំងក្លាលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់រួមមាន ស្ពាន អាកាសយានដ្ឋាន និងកន្លែងស្តុកប្រេងសំខាន់ៗរបស់អ៊ីរ៉ង។ ឆ្លើយតបទៅវិញអ៊ីរ៉ង់បានគំរាមកាត់ផ្តាច់ច្រកដឹកជញ្ជូនថ្មីនៅសមុទ្រក្រហម ដែលច្រកនេះមិនមែនដឹកតែប្រេងនោះទេ ប៉ុន្តែវាជាផ្លូវដឹកជញ្ជូនទំនិញប្រើប្រាស់គ្រប់ប្រភេទតាមកុងតឺន័ររួមមាន (សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិច គ្រឿងចក្រ គ្រឿងបន្លាស់រថយន្ត និងស្បៀងអាហារ) រួមទាំងថាមពល (ប្រេង និងហ្គាស) ជាដើម។
យោងតាមទីភ្នាក់ងារព័ត៌មាន CNA បានរាយការណ៍ថាប្រេងឆៅរបស់ Brent បានកើនឡើង ៧០ សេន ឬប្រហែល ០,៨៣ ភាគរយ ដល់ ៨៤,៩៣ ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងឆៅរបស់សហរដ្ឋអាម៉េរិក West Texas Intermediate បានកើនឡើង ៨១ សេន ឬ ១,០៣ ភាគរយ ដល់ ៧៩,៧៦ ដុល្លារក្នុងមួយបារ៉ែលដែលជាការកើនឡើងគួរឲ្យបារម្ភ ដោយប្រេងស្តង់ដារទាំងពីរបានកើនឡើងជិត ១២ ភាគរយនៅសប្តាហ៍នេះ ដោយប្រេងឆៅ Brent ស្ថិតនៅលើកំពូលដែលកើនឡើងប្រចាំសប្តាហ៍ជាប់ៗគ្នាលើកទីបី និងឆៅអាម៉េរិក WTI ស្ថិតនៅលំដាប់ទីពីរកើនឡើងប្រចាំសប្តាហ៍លើកទីពីរ។
លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារ KCM Trade អះអាងថាការគំរាមកំហែងដែលអាចកើតមាននៃសមុទ្រក្រហម ដែលក្លាយជាចំណុចរំខានដល់ការផ្គត់ផ្គង់ដ៏សំខាន់មួយទៀត កំពុងធ្វើឱ្យទស្សនវិស័យប្រេងសកលកាន់តែស្មុគស្មាញ និងអាចឡើងថ្លៃកាន់តែខ្លាំងឡើង៕