អាម៉េរិក៖ អង្គការយូនីសេហ្វ (UNICEF) បានបង្ហោះផ្សាយឡើងវិញនូវរូបថតប្រវត្តិសាស្ត្រកាលពីជាង ១៨ ឆ្នាំមុន ដែលបង្ហាញពីកំពូលកីឡាករបាល់ទាត់ លីអូណែល មេសស៊ី (Lionel Messi) កំពុងងូតទឹកឱ្យទារកតូចម្នាក់ ដែលបច្ចុប្បន្នជាខ្សែប្រយុទ្ធដ៏លេចធ្លោរបស់អេស្ប៉ាញ ឡាមីន យ៉ាម៉ាល់ (Lamine Yamal) ព្រមទាំងបានជួបជាមួយម្តាយរបស់គេគឺអ្នកស្រី ស៊ីឡា (Sheila) នៅក្នុងកម្មវិធីថតរូបសប្បុរសធម៌មួយ ដើម្បីស្វែងរកមូលនិធិសម្រាប់អង្គការ។ មកទល់ពេលនេះ ភាពជោគជ័យ និងសមិទ្ធផលដ៏អស្ចារ្យនៅលើវាលស្មៅរបស់ពួកគេទាំងពីរ បានក្លាយជាប្រភពបំផុសគំនិត និងជាកម្លាំងចិត្តដ៏មានឥទ្ធិពល ក្នុងការជំរុញទឹកចិត្តមនុស្សរាប់លាននាក់នៅទូទាំងសកលលោកឱ្យដេញតាមក្តីស្រមៃរបស់ខ្លួន។
អង្គការ UNICEF បានគូសបញ្ជាក់ថា ក្រៅពីអាជីពជាកីឡាករ ទាំង មេសស៊ី និង ឡាមីន យ៉ាម៉ាល់ សុទ្ធតែបានប្រើប្រាស់ប្រជាប្រិយភាព និងឥទ្ធិពលរបស់ខ្លួនក្នុងនាមជា «អគ្គរាជទូតសុឆន្ទៈរបស់អង្គការ UNICEF» ដើម្បីជួយគាំទ្រ និងតស៊ូមតិដើម្បីសិទ្ធិកុមារនៅជុំវិញពិភពលោក។
អង្គការ UNICEF បញ្ជាក់បន្ថែមថា គោលដៅចម្បងរបស់ខ្លួនគឺ ធានាថាកុមារគ្រប់រូបអាចរស់រានមានជីវិត លូតលាស់ប្រកបដោយសុខភាពល្អ និងសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេនៅក្នុងសង្គម ដើម្បីអាចកសាងអនាគតដ៏ភ្លឺស្វាងទៅថ្ងៃខាងមុខ។
គួរបញ្ជាក់ថា កីឡាករ Lionel Messi នឹងត្រូវដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន តទល់ជាមួយ Lamine Yamal ដែលជាកម្លាំងស្នូលរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពានរង្វាន់ពិភពលោក World Cup នៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ ដែលនឹងក្លាយជាជំនួបប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតមួយនៅលើវាលស្មៅសម្រេចវាសនាជើងឯកពិភពលោក៕