Swift cc time

«លិចទូកដឹកអ្នកដំណើរ»នៅឥណ្ឌូណេស៊ី សម្លាប់មនុស្សម្នាក់ និងបាត់ខ្លួន ២៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្សាការតា៖ អាជ្ញាធរឥណ្ឌូណេស៊ី បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា មានករណីលិចទូកដឹកអ្នកដំណើរមួយកន្លែង នៅក្បែរកោះសេឡាយ៉ា (Selayar) ភាគខាងត្បូងកោះស៊ូឡាវេស៊ី (Sulawesi) ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង ២៤ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

យោងតាមការចុះផ្សាយរបស់កាសែត CAN ប្រធានទីភ្នាក់ងារស្វែងរក និងសង្គ្រោះក្នុងតំបន់ បានរៀបរាប់ថា ឧបទ្ទវហេតុនេះ បង្កឡើងដោយសារបញ្ហាម៉ាស៊ីនទូកដំណើរការមិនប្រក្រតី។

ប្រភពដដែលបានគូសបញ្ជាក់ថា មនុស្សចំនួន ៤៩ នាក់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ស្ត្រីម្នាក់ត្រូវបានរកឃើញថាបានស្លាប់ ខណៈដែល ២៤ នាក់ទៀតកំពុងបន្តស្វែងរកនៅឡើយ។ ឧបសគ្គចម្បងនៅក្នុងប្រតិបត្តិការសង្គ្រោះនេះ គឺអាកាសធាតុមិនអំណោយផល ដោយមានរលកកម្ពស់ ២ ម៉ែត្រ ទៅ ២,៥ ម៉ែត្រ និងមានខ្យល់បោកបក់ខ្លាំង។

យោងតាមបញ្ជីឈ្មោះអ្នកដំណើរផ្លូវការ (Manifest) ទូកនេះត្រូវបានកត់ត្រាថាមានផ្ទុកមនុស្សត្រឹមតែ ៥០ នាក់ប៉ុណ្ណោះ ប៉ុន្តែការផ្ទៀងផ្ទាត់ជាក់ស្តែងបានបង្ហាញថា ចំនួនមនុស្សនៅលើទូកពិតប្រាកដមានរហូតដល់ ៧៤ នាក់។ ការខុសគ្នារវាងបញ្ជីឈ្មោះ និងចំនួនអ្នកដំណើរជាក់ស្តែងនេះ គឺជាបញ្ហាទូទៅមួយដែលកើតឡើងជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា ទូកដឹកអ្នកដំណើរនេះមានឈ្មោះ «Nurul Salsa» នេះ បានចាកចេញពីកោះចាមភា (Jampea Island) កាលពីព្រឹកថ្ងៃពុធ ដោយមានដឹកមនុស្សចំនួន ៧៤ នាក់ ព្រមទាំងដូងក្រៀម សត្វពាហនៈ និងម៉ូតូជាច្រើនគ្រឿង។ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ទូកគឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ ប៉ុន្តែការធូររលុងលើស្តង់ដារសុវត្ថិភាព និងការដឹកលើសចំណុះ តែងតែបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់៕

Khcct banner

អត្ថបទទាក់ទង