បាងកក៖ អាជ្ញាធរថៃ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីរាជការថៃរាប់ពាន់នាក់កំពុងប្រឈមមុខនឹងការផ្អាកការងារជាបណ្តោះអាសន្ន ជុំវិញរឿងអាស្រូវលួចបន្លំ និងសូកប៉ាន់ក្នុងការប្រឡងមន្រ្តី។ ជាមួយគ្នានេះ សមត្ថកិច្ចថៃកំពុងពង្រីកការស៊ើបអង្កេត បន្ទាប់ពីបានចាប់ខ្លួនជនសង្ស័យជាមេខ្លោងចំនួន ៣ នាក់។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃថៃ បានប្រាប់អ្នកយកព័ត៌មានថា នគរបាលថៃ បានរកឃើញភាពមិនប្រក្រតីនៅក្នុងលទ្ធផលប្រឡងរបស់មន្ត្រីរាជការចំនួន ៥,៨១៤ នាក់ ដែលបានចូលរួមការប្រឡងតម្លើងឋានៈ និងក្របខណ្ឌរដ្ឋ។ មន្ត្រីទាំងនោះអាចនឹងត្រូវប្រឈមមុខនឹងការបញ្ឈរជើងជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីគណៈកម្មការវិន័យ។
ប្រភពដដែលបានគូសបញ្ជាក់ទៀតថា មេខ្លោងចំនួន ៣ នាក់ (បុរស ២ នាក់ និងស្ត្រី ១ នាក់) ត្រូវបានចាប់ខ្លួនពីបទបំផ្លិចបំផ្លាញ និងលាក់បាំងឯកសារផ្លូវការ ដែលក្នុងនោះមានម្នាក់ បានព្យាយាមរត់គេចខ្លួនទៅកាន់ប្រទេសឡាវជិតខាង ប៉ុន្តែត្រូវបានឃាត់ខ្លួន។ ប្រសិនបើតុលាការថៃ រកឃើញកំហុស ពួកគេអាចប្រឈមនឹងការផាកពិន័យ និងទោសពន្ធនាគាររហូតដល់ ៥ ឆ្នាំ។
នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរ៉ាកុល បានថ្កោលទោសទង្វើបន្លំនេះថាជា «រឿងគួរឱ្យខ្ពើមរអើម» និងបានព្រមានពី «វដ្តដ៏អាក្រក់» នៃអំពើពុករលួយ ដែលមន្ត្រីប្រើប្រាស់លុយទិញអំណាច ដើម្បីស្វែងរកឱកាសកេងប្រវ័ញ្ចបន្តទៀត។
គួររំលឹកថា រឿងអាស្រូវនេះបានផ្ទុះឡើងកាលពីខែមិថុនា បន្ទាប់ពីការស៊ើបអង្កេតរកឃើញថា មានការទទួលសំណូកចន្លោះពី ៨០០,០០០ បាត (ប្រហែល ២៣,៨០០ ដុល្លារអាមេរិក) ដើម្បីកែប្រព័ន្ធទិន្នន័យអេឡិចត្រូនិក និងបន្លំលទ្ធផលប្រឡងរបស់បេក្ខជនឱ្យជាប់ជាស្ថាពរ។ បច្ចុប្បន្ន ក្រសួងមហាផ្ទៃថៃ កំពុងត្រៀមត្រួតពិនិត្យសន្លឹកកិច្ចការប្រឡងឡើងវិញ ប្រមាណ ៨០០,០០០ សន្លឹក៕