Swift cc time

លោកហ៊ុន ម៉ានី ឱ្យយុវជនត្រូវពង្រឹងទាំង«ចំណេះនិងវិន័យ»ទើបក្លាយជាមន្ត្រីមានសមត្ថភាពនិងគុណភាព

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងជំរុញឱ្យយុវជន សិស្សនិស្សិតដែលទើបញ្ចប់ការសិក្សាត្រូវប្រឹងប្រែងពង្រឹងទាំង«ចំណេះ និងវិន័យ» ដើម្បីក្លាយជាមន្ត្រីមានសមត្ថភាព និង គុណភាព។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកចូលរួមប្រគល់សញ្ញាបត្រជូនដល់ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន១,៨០៩អង្គ/នាក់ របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី ១៦ កក្កដាម្សិលមិញ។

ថ្លែងក្នុងពិធីនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលរួមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនៅថ្ងៃនេះ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់កម្ពុជា ហើយការបញ្ចប់ការសិក្សានៅពេលនេះ បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ផងដែរថា ការអប់រំទៅលើជំនាញតែមួយមុខគឺមិនទាន់គ្រប់គ្រាន់ឡើយ ប្អូនៗត្រូវមានទាំងចំណេះ និងវិន័យ ទើបអាចក្លាយជាមន្រ្តីដែលពោរពេញទៅដោយសមត្ថភាព និងគុណភាព ដោយលោក បានសង្កត់ធ្ងន់ថា «ការបណ្តុះបណ្តាលមន្រ្តីតែសមត្ថភាព មិនគ្រប់គ្រាន់ឡើយ ត្រូវបណ្តុះបណ្តាលបន្ថែមលើឥរិយាបទ និងអាកប្បកិរិយា (វិន័យ)»។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីប្រែក្លាយខ្លួនជាប្រទេសដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះ ការអភិវឌ្ឍមូលធនមនុស្សនៅតែជាការងារអាទិភាពទី១ ហើយ បច្ចេកវិទ្យា ជាអាទិភាពគន្លឹះថ្មីសម្រាប់លើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងចង្អុលបង្ហាញពីការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

គួរបញ្ជាក់ថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំប្រគល់ប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ១,៨០៩អង្គ/នាក់ ក្នុងនោះ ថ្នាក់បណ្ឌិត ១នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ៥៣នាក់, ថ្នាក់បរិញ្ញា បត្រ ១,៤១០នាក់ និងថ្នាក់បរិញ្ញាបត្ររង ៣៤៥នាក់។លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្ន សាកលវិទ្យាល័យ មាន ៣ទីតាំង ក្នុងរាជធានីភ្នំពេញ៖ ទីតាំងទី១-ទួលស្លែង, ទីតាំងទី២-ស្ពានអាកាសចោមចៅ (កន្លែងកំពុងប្រារព្ធពិធី) និង ទីតាំងទី៣-ទួលពង្រ ដែលកំពុងសាងសង់ ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ 

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

សាកលវិទ្យាល័យមានកម្មវិធីសិក្សា៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន និង កុំព្យូរទ័រ, ២-ថ្នាក់បរិញ្ញាបត្ររង, ៣-ថ្នាក់បរិញ្ញាបត្រ, ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សាកម្មវិធីសិក្សាជា ភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែររួមជាមួយអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀន ជាភាសាអង់គ្លេស១០០%។ សាកលវិទ្យាល័យមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)៖ ១-គ្រប់គ្រងពាណិជ្ជកម្ម, ២-ហិរញ្ញវត្ថុ និង ធនាគារ, ៣-សេដ្ឋកិច្ច, ៤-ច្បាប់, ៥-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ, ៨-បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍, ៩-វិស្វកម្ម, ១០-ស្ថាបត្យកម្ម, ១១-ទំនាក់ទំនងអន្តរជាតិ, ១២-អាកាសចរស៊ីវិល និង ១៣-ភាសាចិន។

 ថ្មីៗនេះ សាកលវិទ្យាល័យក៏បានចុះកិច្ចព្រមព្រៀងជាមួយ MONASH University ដែលជាសាកលវិទ្យាល័យដ៏ល្បី មានស្តង់ដាខ្ពស់ និងមានការទទួលស្គាល់ជុំវិញពិភពលោក មកពីប្រទេសអូស្ត្រាលី ដើម្បីបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប (ជាន់ទី៥) ដោយនិស្សិតសិក្សា១ឆ្នាំ នៅ MONASH – BELTEI IU Cambodia និងអាចបន្តសិក្សា៣ឆ្នាំ នៅ MONASH University នៅប្រទេសអូស្ត្រាលី៕


Khcct banner

អត្ថបទទាក់ទង