ប៉េកាំង៖នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានប្រកាសគាំទ្រ និងជំរុញឱ្យក្រុមហ៊ុន សហគ្រាសធំៗរបស់ចិនឱ្យទៅដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកជួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរដ្ឋាធានីប៉េកាំង នៅថ្ងៃទី១៦ កក្កដានេះ។
ក្នុងជំនួបនោះ លោក លី ឈាង បានថ្លែងប្រាប់សម្តេច ហ៊ុន ម៉ាណែត ថា ចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីជំរុញក្របខណ្ឌ «កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ» «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ» ឱ្យទទួលបានលទ្ធផលកាន់តែជាក់ស្តែង ដោយផ្តោតលើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និង បន្តពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី។លោកថា ចិនគាំទ្រសហគ្រាសធំៗរបស់ចិនដែលមានសមត្ថភាពកាន់តែច្រើនទៅវិនិយោគនៅកម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជា ថាមពលថ្មី បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មផលិតកម្មទំនើប ដើម្បីរួមគ្នាបង្កើតកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍ។
បើតាមនាយករដ្ឋមន្ត្រីចិនរូបនេះ យល់ថា កម្ពុជាគួរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌ និង ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនការយោគយល់ និង មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងជាពិសេសត្រូវខិតខំរួមគ្នាកាត់ផ្តាច់មូលដ្ឋានប្រតិបត្តិការល្បែងស៊ីសងអនឡាញ និង ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ទាក់ទងនឹងស្ថានភាពអន្តរជាតិវិញ លោក លី ឈាង សង្កេតឃើញថា ប្រែប្រួលស្មុគស្មាញច្រើន ហើយបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ក្នុងបរិបទនេះលោកជំរុញថា ចិន និងកម្ពុជាគួរពង្រឹងការសម្របសម្រួលលើបញ្ហាសំខាន់ៗ ការពារផលប្រយោជន៍រួម និង រួមគ្នាគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ព្រមទាំងយុត្តិធម៌ និង សមធម៌អន្តរជាតិ។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានអរគុណចិន ចំពោះការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមរបស់កម្ពុជា ហើយបានបញ្ជាក់ថា កម្ពុជាមានឆន្ទៈធ្វើការជាមួយចិន ដើម្បីអនុវត្តការឯកភាពសំខាន់ៗដែលសម្រេចបានដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលថ្មី ការតភ្ជាប់ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ក្នុងការបង្ក្រាបល្បែងស៊ីសងអនឡាញ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍។
ជាថ្មីម្តងទៀត សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជំហរថា ទោះបីស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ កម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយមិត្តភាពចំពោះចិន និង គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ស៊ីនជាំង ទីបេ និង ហុងកុង ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
បន្ថែមពីរម្លឹកពីប្រវត្តិទំនាក់ទំនងកម្ពុជា-ចិនពីមេដឹកនាំជំនាន់ចាស់ សម្តេច ហ៊ុន ម៉ាណែត ក្នុងនាមជាមេដឹកនាំជំនាន់ថ្មី បានសង្កត់ធ្ងន់ថា កម្ពុជាមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយចិន ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និង ពិភពលោក៕