ភ្នំពេញ៖ យុវជន៥រូប រៀបចំកម្មវិធីមាគ៌ា ដើម្បីតម្រង់ទិសអាជីព សម្រាប់និស្សិតជំនាញគ្រប់គ្រងពាណិជ្ជកម្មឬជំនាញធុរកិច្ច នៅកម្ពុជា។ កម្មវិធីមាគ៌ានឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង ១២:៣០-៤:៣០ រសៀល ដែលអនុញ្ញាតឱ្យនិស្សិតកំពុងសិក្សាជំនាញធុរកិច្ចឬគ្រប់គ្រងពាណិជ្ជកម្មចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ តែមានកំណត់ចំនួនត្រឹម ៥០-៦០ នាក់។
កម្មវិធីមាគ៌ាត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួយជ្រោមជ្រែងដល់យុវជន ដែលកំពុងរៀនជំនាញគ្រប់គ្រងពាណិជ្ជកម្មឬជំនាញធុរកិច្ច ក្នុងការស្វែងយល់អំពីអាជីពផ្សេងៗ ដែលមាននៅក្នុងវិស័យនេះ បុគ្គលិកលក្ខណៈដែលស័ក្តិសមជាមួយការងារ ការត្រៀមខ្លួនសម្រាប់ការងារ តាមរយៈការចែករំលែកពីវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ និងសកម្មភាពនានាដែលអនុញ្ញាតឱ្យនិស្សិត អាចបង្កើតបណ្ដាញទំនាក់ទំនងជាមួយអ្នកដទៃបាន។
កម្មវិធីមាគ៌ានេះ ត្រូវបានដឹកនាំដោយយុវជន ៥ រូប ដូចជា លោក កៅ តាយអៀង កញ្ញា គឹម ម៉ីលី កញ្ញា ញឹម ចន្ទកណិការ កញ្ញា សេង មុនីវឌ្ឍនៈ និងកញ្ញា ញ៉ ស្រីចម ដែលសុទ្ធសឹងតែជានិស្សិតឆ្នាំទី៤ នៃជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក កៅ តាយអៀង ប្រធានដឹកនាំគម្រោងមាគ៌ា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា «ពួកយើងបានយល់ឃើញថា ជំនាញនេះមានភាពចម្រុះ និងមានឯកទេសផ្សេងៗជាច្រើនទៀតដែលមានលក្ខណៈខុសគ្នា ដូចជាជំនាញគណនេយ្យ ទីផ្សារ គ្រប់គ្រងធនធានមនុស្ស ភស្តុភារ ក៏ដូចជាសហគ្រិនភាពផងដែរ។ អាស្រ័យហេតុនេះ ពួកយើងយល់ឃើញថា ការណ៍ដែលនិស្សិតធុរកិច្ចទាំងឡាយបានស្វែងយល់ច្បាស់អំពីប្រភេទអាជីពការងារនានាដែលមាននៅក្នុងជំនាញនេះ ពួកគេអាចស្វែងរកអាជីពដែលខ្លួនចាប់អារម្មណ៍និងពេញចិត្ត ក៏ដូចជាត្រៀមខ្លួនសម្រាប់តម្រង់ទិសឆ្ពោះទៅកាន់អាជីពនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពួកយើងក៏បានមើលឃើញអំពីសារៈសំខាន់នៃការស្វែងយល់ដើម្បីត្រៀមខ្លួនក្នុងវិស័យការងារផងដែរ ដែលនិស្សិតទាំងអស់អាចស្វែងយល់អំពីជំនាញទន់សំខាន់ៗ ក៏ដូចជាផ្នត់គំនិតដើម្បីទទួលបាននូវប្រសិទ្ធភាពក្នុងវិស័យការងារទៀតផង។»
កម្មវិធីមាគ៌ានឹងប្រព្រឹត្តិឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ នាវេលាម៉ោង ១២:៣០ រហូតដល់ម៉ោង ៤:៣០ រសៀល នៅវិទ្យាស្ថានគណនេយ្យធុរកិច្ច (BSA)។ កម្មវិធីនេះទៀតសោតអាចទទួលនិស្សិតចំនួន ៥០ ទៅ ៦០ នាក់ ដែលជានិស្សិតកំពុងសិក្សាជំនាញធុរកិច្ចឬគ្រប់គ្រងពាណិជ្ជកម្ម ហើយមានការចាប់អារម្មណ៍ក្នុងការស្វែងយល់អំពីប្រភេទអាជីពផ្សេងៗនៅក្នុងវិស័យនេះ។ ដើម្បីចូលរួម យុវជនអាចចុះឈ្មោះតាមតំណភ្ជាប់នេះ៖ https://forms.gle/YWce1pFf8gdNu7jm6។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីមាគ៌ា អ្នកចូលរួម នឹងទទួលបានការចែករំលែកបទពិសោធពីវាគ្មិនកិត្តិយសនៃជំនាញទាំង ៥ សំខាន់ៗ ក្នុងជំនាញធរុកិច្ចដែលក្នុងនោះរួមមាន ជំនាញគណនេយ្យដែលចែករំលែកដោយ កញ្ញា ស្រេង មិនា ជំនាញទីផ្សារដោយ លោកស្រី ញ៉ែម តេងតង ជំនាញគ្រប់គ្រងធនធានមនុស្សដោយ លោក ហេង សុខសិរី ជំនាញភស្តុភារដោយ លោក អ៊ុន មាសសម្បត្តិ ក៏ដូចជាការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនដោយ លោកស្រី ជ្រា កុសលសុឡា ៕