Swift cc time

មនុស្សជាង ៥០០នាក់ ត្រូវគេសង្ស័យថាស្លាប់ ក្រោយលិចទូក២គ្រឿងនៅសមុទ្រមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

មីយ៉ាន់ម៉ា៖ មនុស្សជាង ៥០០នាក់ ដែលភាគច្រើនជាជនភៀសខ្លួនជាតិសាសន៍ភាគតិចរ៉ូហ៊ីងយ៉ា ត្រូវបានគេបារម្ភថាបានបាត់បង់ជីវិត បន្ទាប់ពីទូកដឹកអ្នកដំណើរចំនួន ២គ្រឿង បានបាត់ខ្លួន និងលិចក្នុងសមុទ្រដែលមានរលកបោកបក់ខ្លាំង នៅក្រៅឆ្នេរសមុទ្រប្រទេសមីយ៉ាន់ម៉ា កាលពីអំឡុងចុងខែមិថុនា និងដើមខែកក្កដាកន្លងទៅនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ អង្គការសហប្រជាជាតិកិច្ចការចំណាកស្រុក (IOM) និង (UNHCR) បានឱ្យដឹងថា ទូកទាំងពីរនេះបានចាកចេញពីឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋរ៉ាឃីន (Rakhine)។ ក្នុងនោះ ទូកទីមួយដែលផ្ទុកមនុស្សប្រមាណ ២៥០នាក់ បានដាច់ការទាក់ទងភ្លាមៗក្រោយចាកចេញដំណើរ ខណៈទូកទីពីរដែលមានផ្ទុកមនុស្សប្រមាណ ២៨០នាក់ ត្រូវបានគេជឿជាក់ថាបានលិចនៅក្រៅឆ្នេរសមុទ្រ Ayeyarwady កាលពីថ្ងៃទី៨ ខែកក្កដា។

កន្លែងភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា ក្នុង ប្រទេសបង់ក្លាដែស។

គ្រោះថ្នាក់តាមសមុទ្រដ៏រន្ធត់នេះ បានស្តែងឱ្យឃើញពីការសម្រេចចិត្តផ្សងព្រេងទាំងបង្ខំរបស់ក្រុមជនភៀសខ្លួន ដើម្បីគេចចេញពីសង្រ្គាមស៊ីវិលដ៏បង្ហូរឈាម និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងរដ្ឋរ៉ាឃីន ដែលបង្កឡើងដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពរបបយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមកងទ័ពអារ៉ាកង់ (Arakan Army)។

បច្ចុប្បន្ន ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលរងការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធរាប់ទសវត្សរ៍ទាំងនេះ ជាង ១លាននាក់កំពុងជ្រកកោននៅក្នុងជំរំដ៏ចង្អៀតណែនណាន់តាន់តាប់នៅតំបន់ Cox’s Bazar ប្រទេសបង់ក្លាដែស ខណៈប្រមាណ ៦៣០,០០០នាក់ទៀត នៅបន្តរស់នៅក្នុងរដ្ឋរ៉ាឃីន។

ការធ្វើដំណើរតាមទូកកាណូតចាស់ៗដែលខ្វះសុវត្ថិភាពនេះ ត្រូវបង្ខំចិត្តធ្វើឡើងនៅក្រៅរដូវបើកក្តោងធម្មតា ចំពេលមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដីដែលទើបតែបានបំផ្លាញជម្រក និងសម្លាប់មនុស្សជាច្រើននាក់នៅតំបន់ Cox's Bazar កាលពីសប្តាហ៍មុន ដែលធ្វើឱ្យការស្វែងរកសិទ្ធិជ្រកកោនតាមផ្លូវសមុទ្រនេះ កាន់តែប្រឈមនឹងហានិភ័យបាត់បង់ជីវិតទ្វេដង៕

Khcct banner

អត្ថបទទាក់ទង