ស៊ីនជាំង៖មនុស្សយន្តជាច្រើន ត្រូវបាននាំយកមកប្រកួតប្រជែក ដើម្បីធ្វើម្ហូប ក្នុងកម្មវិធីបង្ហាញសមត្ថភាពមួយដែលបានរៀបចំឡើង នៅក្នុងតំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គួរ ភាគពាយព្យនៃប្រទេសចិន។ នៅក្នុងព្រឹត្តិការណ៍នោះ មនុស្សយន្តបានចូលរួមប្រកួតប្រជែងធ្វើម្ហូបប្រចាំតំបន់ ដើម្បីបង្ហាញពីការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និង ការគ្រប់គ្រងចលនាដៃយ៉ាងប៉ិនប្រសប់។
ក្នុងនោះគេឃើញមាន មនុស្សយន្ត អាចអាំងសាច់ ដោតសាច់ អមជាមួយអនាម័យ និងការគ្រប់គ្រងកម្លាំងយ៉ាងច្បាស់លាស់លើការធ្វើម្ហូប។មនុស្សយន្តខ្លះ អាចធ្វើ«មីទាញដោយដៃ» ដែលជាមុខម្ហូបប្រចាំតំបន់ស៊ីនជាំង ដោយម្សៅមីដ៏ទន់និងរអិល គឺជាឧបសគ្គធំ ប៉ុន្តែតាមរយៈឧបករណ៍ចាប់សញ្ញាស្ទាប (Tactile sensors) នៅលើដៃទាំងពីរ មនុស្សយន្តអាចដឹងពីបម្រែបម្រួលសម្ពាធ ដើម្បីទាញម្សៅមិនឱ្យដាច់។
ក្រុមអ្នកវិទ្យាសាស្ត្រចិន បានបញ្ជាក់ថា រាល់ចលនា និងការប៉ះទង្គិច បានបង្កើតទិន្នន័យដ៏មានតម្លៃ ដែលជួយពន្លឿនការនាំយកមនុស្សយន្តទៅប្រើប្រាស់ ក្នុងកិច្ចការជាក់ស្តែង ទាំងក្នុងវិស័យឧស្សាហកម្ម និងជីវភាពប្រចាំថ្ងៃ។
ការបង្ហាញផ្ទាល់នេះ បានធ្វើឡើងនៅភោជនីយដ្ឋានមួយក្នុងទីក្រុង Yining ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ដើម្បីឱ្យភ្ញៀវទស្សនាមនុស្សយន្តធ្វើម្ហូប។គួរបញ្ជាក់ថា កម្មវិធីនេះ ធ្វើឡើងដើម្បីបើកឆាក មុនពេលការប្រកួតកីឡាមនុស្សយន្តពិភពលោកលើកទី២ (World Humanoid Robot Games) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែសីហា ខាងមុខ៕