ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (A.C.U) ប្រកាសជ្រើសរើស«អ្នកសង្កេតការណ៍ស្ម័គ្រ»ចិត្តសរុបចំនួន ៤,៥៩០ នាក់ ដើម្បីចូលរួមសង្កេតការណ៍តាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ នៅតាមរាជធានី-ខេត្ត ទាំង ២៥។
យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ លក្ខខណ្ឌសម្រាប់បេក្ខជនចុះឈ្មោះ គឺត្រូវមានអាយុចាប់ពី ២១ ឆ្នាំឡើងទៅ ដោយអាចជាសិស្ស និស្សិត ឬបុគ្គលិករដ្ឋ និងឯកជន គ្រូបង្រៀន មន្ត្រីរាជការសាធារណៈ ក៏ដូចជាអ្នកសារព័ត៌មានផងដែរ។ កាលបរិច្ឆេទឈប់ទទួលពាក្យ គឺត្រឹមថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៤:០០ នាទី។ បេក្ខជនដែលមានបំណងចុះឈ្មោះ អាចធ្វើការដាក់ពាក្យតាមរយៈការស្កេន QR Code ដែលមានភ្ជាប់នៅលើសេចក្តីជូនដំណឹង ដោយត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួន (ដូចជាកាតនិស្សិត ឬកាតបុគ្គលិក) រួមជាមួយរូបថតទំហំ 4x6 ផ្ទៃខាងក្រោយពណ៌ស ឬខៀវ ដែលថតក្នុងរយៈពេលចុងក្រោយ។
បើតាមប្រភពដដែល បេក្ខជនមិនត្រូវចូលរួមសង្កេតការណ៍ក្នុងមណ្ឌលប្រឡងដែលមានបងប្អូន សាច់ញាតិ ឬមិត្តភក្តិជិតដិតជាបេក្ខជនប្រឡងឡើយ ដើម្បីជៀសវាងទំនាស់ផលប្រយោជន៍។ បេក្ខជនត្រូវប្ដេជ្ញាចិត្តចូលរួមវគ្គបណ្តុះបណ្តាល និងកិច្ចប្រជុំផ្សព្វផ្សាយនានា ព្រមទាំងត្រូវទាញយកកម្មវិធី Angkor Life មកប្រើប្រាស់សម្រាប់ទទួលការជូនដំណឹង និងកម្មវិធី Telegram សម្រាប់ទំនាក់ទំនងការងារ។ ក្រៅពីនេះ ត្រូវមានមធ្យោបាយ ធនធាន និងពេលវេលាគ្រប់គ្រាន់ដោយខ្លួនឯង ព្រមទាំងគោរពតាមច្បាប់ និងការណែនាំរបស់ អ.ប.ព. ឱ្យបានខ្ជាប់ខ្ជួន។
អង្គភាពប្រឆាំងអំពើពុករលួយ បានគូសបញ្ជាក់ថា អ្នកសង្កេតការណ៍ដែលត្រូវបានជ្រើសរើស ត្រូវចូលរួមប្រជុំលើកដំបូងជាមួយក្រុមការងារ អ.ប.ព. ដឹកនាំការសង្កេតការណ៍ថ្នាក់រាជធានី-ខេត្ត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ដើម្បីទទួលការណែនាំអំពីបទបញ្ញត្តិ តួនាទី ភារកិច្ច និងទទួលប័ណ្ណសម្គាល់ខ្លួន។ បន្ទាប់មក ត្រូវចាប់ផ្តើមបំពេញភារកិច្ចសង្កេតការណ៍ផ្ទាល់នៅតាមមណ្ឌលប្រឡងតាំងពីដើមរហូតដល់ចប់ការប្រឡង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ ការងារនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨ រំលងអធ្រាត្រ ដោយមានកិច្ចប្រជុំដើម្បីផ្តល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមសង្កេតការណ៍ និងថ្លែងអំណរគុណ៕