អាម៉េរិក៖ រោងចក្រផលិតកាក់សេនរបស់សហរដ្ឋអាម៉េរិកបានចាប់ផ្តើមផលិតកាក់សេនដែលមានតម្លៃ ១ ដុល្លារអាម៉េរិកដែលនឹងមានរូបមុខលោកប្រធានាធិបតី ដូណាល់ត្រាំ នៅខាងមុខនៃកាក់សេនថ្មីដែលជាប្រភេទកាក់ថ្មីមួយផលិតឡើងដើម្បីរំលឹកដល់ខួបលើកទី ២៥០ របស់អាម៉េរិក ដោយការរចនានេះ ក៏នឹងមានពាក្យថា (សេរីភាព) "Liberty", "In God We Trust" និង "១៧៧៦-២០២៦" នៅខាងមុខ និងរូបភាពឥន្ទ្រីនៅម្ខាងទៀតនៃកាក់នេះនៅខាងក្រោយលោកប្រធានាធិបតីត្រាំ។ នេះបើតាមការថ្លែងរបស់លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកបានប្រកាសកាលពីល្ងាចថ្ងៃពុធ។
លោកប្រធានាធិបតីត្រាំបានអះអាងក្នុងបទសម្ភាសន៍ជាមួយ Fox Business ថានេះកិត្តិយសសម្រាប់លោកផ្ទាល់ លោកថានេះនឹងមិនមែនជារឿងធម្មតានោះទេ។ យ៉ាងណាមិញអ្នករិះគន់បានលើកឡើងអំពីភាពស្របច្បាប់នៃការរចនានេះ ដោយជាធម្មតាច្បាប់សហរដ្ឋអាម៉េរិកឆ្នាំ ១៨៦៦ បានចែងថា គ្មានរូបមនុស្សរស់ណាម្នាក់អាចប្រើលើរូបិយប័ណ្ណអាម៉េរិកបានទេ ហើយការបោះពុម្ភកើតឡើងបានលុះត្រាតែមានការព្រមព្រៀងពីមន្រ្តីពាក់ព័ន្ធរាប់ចាប់តាំងពីសភាជាតិជាដើម។
ជាមួយគ្នានេះដែរ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក បានកត់សម្គាល់ថា ដើម្បីរំលឹកខួបលើកទី ១៥០ នៃសហរដ្ឋអាម៉េរិក រូបលោកប្រធានាធិបតី Calvin Coolidge ត្រូវបានដាក់លើកាក់មួយ។លោក Bessent បាននិយាយថាដូច្នេះយើងអាចដាក់រូបភាពមនុស្សរស់នៅលើកាក់បាន លោកថាកាក់នេះកំពុងផលិត ហើយកំពុងត្រូវបានបោះពុម្ពនៅទីក្រុង Philadelphia៕
គួររម្លឹកថាសភាអាម៉េរិកក្នុងឆ្នាំ ២០២០ បានអនុម័តច្បាប់មួយដែលអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារបោះពុម្ពកាក់ ១ ដុល្លារអាម៉េរិក ដើម្បីអបអរសាទរខួបលើកទី ២៥០ ប៉ុន្តែច្បាប់នោះហាមឃាត់ការដាក់បញ្ចូលមនុស្សដែលនៅរស់៕