Swift cc time

ឯកអគ្គរដ្ឋទូតបារាំងនៅកម្ពុជា ហៅចំណងការទូត កម្ពុជា-បារាំង ថាជា «គូស្នេហ៍ចំណាស់»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក អូលីវីយេ រីឆាដ (Olivier RICHARD )

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក អូលីវីយេ រីឆាដ (Olivier RICHARD ) បានហៅចំណងការទូតរវាងកម្ពុជា-បារាំង ថា ជា«គូស្នេហ៍ចំណាស់»។ចំណាស់ដោយលោកចង់សំដៅទៅលើ ប្រវត្តិសាស្ត្រពោរពេញដោយភាពប្រែប្រួល និង សោកនាដកម្មជាច្រើន ប៉ុន្តែរឿងរ៉ាវទាំងនេះមិនដែលបំបែកចំណងមិត្តភាពរវាង កម្ពុជា-បារាំង ចេញពីគ្នាឡើយ ពោលគឺនៅតែបន្តរឹងមាំទៅមុខសម្រាប់ប្រទេសយើងទាំងពីរ។ការថ្លែងរបស់លោកពេលនេះ ធ្វើឡើងក្នុងការអបអរសាទរទិវាបុណ្យជាតិបារាំងកាលពីល្ងាចថ្ងៃទី១៤ កក្កដា។

លោក អូលីវីយេ រីឆាដ បានគូសបញ្ជាក់ថា កម្ពុជា និងបារាំងជា « គូស្នេហ៍ចំណាស់មួយគូ »។បច្ចុប្បន្ននេះ ពិភពលោកកំពុងមានភាពតានតឹង ហើយក៏ពោរពេញទៅដោយភាពមិនប្រាកដប្រជា។ប្រទេសកម្ពុជាប្រឈមមុខនឹងស្ថានភាពលំបាកមួយតាមបណ្តោយព្រំដែនរបស់ខ្លួន ហើយត្រូវជួបប្រទះនឹងឧក្រិដ្ឋកម្មមួយចំនួនដែលអាចបង្កឱ្យមានអស្ថិរភាព។ ប្រទេសបារាំងក៏មានបញ្ហាប្រឈមផ្ទាល់ខ្លួនផងដែរ។ ប៉ុន្តែ « គូស្នេហ៍ចំណាស់ »នឹងកាន់តែរឹងមាំ និងប្រសើរឡើង ពីព្រោះចំណងមិត្តភាពរវាងយើងទាំងពីរមានភាពស៊ីជម្រៅ និងរឹងមាំណាស់ ដែលមិនអាចនាំឱ្យមានលទ្ធផលផ្សេងពីនេះបានឡើយ។

បើតាមលោក អូលីវីយេ រីឆាដ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។លោកសង្កត់ធ្ងន់ថា លោកប្រធានាធិបតី ម៉ាក្រុង និងសម្ដេច ហ៊ុន ម៉ាណែត មានបំណងជម្រុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែឈានទៅមុខបន្ថែមទៀត ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចឱ្យបានថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី គឺជាសញ្ញានៃការវិវត្តន៍ ជាពេលវេលាប្រមូលផ្ដុំសក្ដានុពលមានស្រាប់ និងបង្កើតសក្ដានុពលថ្មីៗបន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង