អូស្ត្រាលី៖ ប្រទេសអូស្ត្រាលីនឹងហាមឃាត់និស្សិតបរទេសមិនឱ្យនាំដៃគូ និងកូនៗមកជាមួយអំឡុងពេលសិក្សាឡើយ ព្រមទាំងរឹតបន្តឹងវិធានការផ្លាស់ប្តូរទិដ្ឋាការ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីគណបក្សស្តាំនិយម One Nation ដែលកាន់គោលនយោបាយ «អូស្ត្រាលីជាអាទិភាព» បានស្នើឱ្យកាត់បន្ថយអន្តោប្រវេសន៍កបណ្តោះអាសន្នចំនួន ៧៥០,០០០ នាក់ក្នុងរយៈពេល ៣ ឆ្នាំ ដើម្បីកាត់បន្ថយសម្ពាធលើប្រជាជនក្នុងស្រុក។
យោងតាមការរាយការណ៍របស់ CNA រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្រ្តាលី លោក Tony Burke ត្រូវគេរំពឹងថានឹងប្រកាសពីផែនការកាត់បន្ថយចំនួនអន្តោប្រវេសន៍សុទ្ធឱ្យនៅត្រឹម ២២៥,០០០ នាក់ត្រឹមឆ្នាំ ២០២៨ ដែលថយចុះពីប្រមាណ ៣០០,០០០ នាក់នាពេលបច្ចុប្បន្ន។ ស្របពេលដែលគោលនយោបាយ «អូស្ត្រាលីជាអាទិភាព» របស់គណបក្ស One Nation ត្រូវគេប្រៀបធៀបទៅនឹងគោលនយោបាយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំដែលបានធ្វើកំណែទម្រង់ផ្ដោតលើប្រយោជន៍ពលរដ្ឋអាម៉េរិកជាទីមួយ។ តំណាងគណបក្សនេះបានបញ្ជាក់ថា ខ្លួនមានគោលដៅកាត់បន្ថយអន្តោប្រវេសន៍សុទ្ធមកត្រឹម ១៣០,០០០ នាក់បន្ទាប់ពី រយៈពេល ៣ ឆ្នាំដំបូង ដោយផែនការនេះនឹងត្រូវពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ។
គួររម្លឹកថា បច្ចុប្បន្ន ដៃគូ ឬប្តីប្រពន្ធរបស់និស្សិតអន្តរជាតិមានសិទ្ធិធ្វើការនៅអូស្ត្រាលី ដោយម៉ោងធ្វើការអាស្រ័យលើកម្រិតសិក្សារបស់និស្សិត ហើយពួកគេក៏អាចនាំកូនក្នុងបន្ទុកដែលមានអាយុក្រោម ១៨ ឆ្នាំមកជាមួយផងដែរ។ ចំនួនអន្តោប្រវេសន៍បានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីអូស្ត្រាលីបើកព្រំដែនឡើងវិញក្នុងឆ្នាំ ២០២២ ប៉ុន្តែបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណា អ្នករិះគន់នៅតែយល់ថា កំណើនអន្តោប្រវេសបានបង្កសម្ពាធលើទីផ្សារលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ និងសង្គម ដោយទិន្នន័យផ្លូវការបង្ហាញថា អន្តោប្រវេសន៍សុទ្ធមានចំនួន ៣០៦,០០០ នាក់ក្នុងឆ្នាំ ២០២៥ ហើយភាគច្រើនជានិស្សិតអន្តរជាតិ៕