វៀតណាម៖ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានទទួលស្វាគមន៍ព្រះមហាក្សត្រថៃ Maha Vajiralongkorn ក្នុងដំណើរជាលើកដំបូងរបស់ខ្លួននៅវៀតណាមរបស់ព្រះមហាក្សត្រថៃក្នុងរយៈពេល ៥០ ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៦ មក។
ក្នុងជំនួបនោះ លោក តូ ឡឹម បានប្រាប់ស្តេចថៃថា វៀតណាមតែងតែឱ្យតម្លៃ ចំពោះទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយថៃ ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តរួមដំណើរជាមួយគ្នា គាំទ្រដល់ការអភិវឌ្ឍរបស់គ្នាទៅវិញទៅមក និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
ចំណែកព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសង្កត់ធ្ងន់លើទំនាក់ទំនងល្អប្រសើររវាងវៀតណាម និងថៃ ដែលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមនៅក្នុងតំបន់ ហើយថា ព្រះអង្គ និងព្រះរាជវង្សានុវង្សថៃ តែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម-ថៃលើគ្រប់វិស័យ។
យោងតាមសារព័ត៌មានរដ្ឋវៀតណាម VOV បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ លោក តូ ឡឹម និងព្រះមហាក្សត្រថៃ បានឯកភាពគ្នាដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ តាមទិសសាមគ្គីភាព និងប្រសិទ្ធភាព; ជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌ ទេសចរណ៍ និងការតភ្ជាប់ការដឹកជញ្ជូន; បង្កើនកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ដោយបង្កើតទំនាក់ទំនងកាន់តែជាក់ស្តែង ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕