សិង្ហបុរី៖ តុលាការជាន់ខ្ពស់សិង្ហបុរី បានបង្គាប់ឱ្យស្ថាប័នព័ត៌មានដ៏ធំ Bloomberg News និងអ្នកយកព័ត៌មានម្នាក់ បង់ប្រាក់សំណងការខូចខាតចំនួន ៤៦០,០០០ ដុល្លារសិង្ហបុរី (ប្រមាណ ៣៥៥,៧៣៤ ដុល្លារអាម៉េរិក) ទៅឱ្យរដ្ឋមន្ត្រីសិង្ហបុរីពីររូប គឺលោក K Shanmugam រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Tan See Leng រដ្ឋមន្ត្រីក្រសួងកម្លាំងពលកម្ម ពីបទ«បរិហាកេរ្តិ៍»។
យោងតាមការចេញផ្សាយរបស់កាសែត The Guardian ការសម្រេចក្តីនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីទាំងពីរបានប្តឹងចោទប្រកាន់ Bloomberg ជុំវិញអត្ថបទមួយដែលបានចុះផ្សាយកាលពីខែធ្នូ ឆ្នាំ២០២៤ ដោយសរសេរដៅចំឈ្មោះពួកលោក ក្នុងសាច់រឿងស្តីពី «ភាពមិនតម្លាភាព និងអាថ៌កំបាំង» នៃការទិញលក់វីឡាប្រណីតនៅក្នុងប្រទេសសិង្ហបុរី។
ចៅក្រមសិង្ហបុរី បានរកឃើញថា អត្ថបទនោះមាន «ចេតនាទុច្ចរិត» និងខ្វះការប្រុងប្រយ័ត្ន ដោយអ្នកយកព័ត៌មានបានសរសេរចោទប្រកាន់ថាប្រព័ន្ធទិន្នន័យដីធ្លីរបស់រដ្ឋមានភាពស្រពិចស្រពិល ទាំងដែលវាជាឯកសារសាធារណៈអាចស្វែងរកបាន។ ចៅក្រមគូសបញ្ជាក់ថា ក្រោយពេលអាជ្ញាធរបង្គាប់ឱ្យកែតម្រូវ Bloomberg បែរជាដកប្រព័ន្ធបង់ប្រាក់ (Paywall) ចេញ ដើម្បីឱ្យអ្នកអានចូលមើលអត្ថបទនោះដោយសេរី និងបានប្រកាសការពារការចុះផ្សាយរបស់ខ្លួនថែមទៀត។
ជុំវិញការកាត់សេចក្តីនេះ អគ្គនិពន្ធរបស់ Bloomberg បានសម្តែងការខកចិត្ត និងបន្តការពារអ្នកយកព័ត៌មានរបស់ខ្លួន ដោយអះអាងថាអត្ថបទនោះធ្វើឡើងដើម្បីផលប្រយោជន៍សាធារណៈ ប៉ុន្តែមិនទាន់បញ្ជាក់ពីគម្រោងប្តឹងឧទ្ធរណ៍នៅឡើយទេ៕