អាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ត្រាំ បានសម្រេចចិត្តលុបចោលគម្រោងរបស់លោកដែលបានប្រកាសយកសេវាការពារច្រកសមុទ្រ ២០% ដែលនាវាណាឆ្លងកាត់ត្រូវបង់សេវាការពារដោយជំនួសមកវិញតម្រូវឲ្យប្រទេសដែលមាននាវាឆ្លងកាត់ច្រកសមុទ្រហ័រមូសត្រូវតែវិនិយោគចូលក្នុងសហរដ្ឋអាម៉េរិក។ លោកត្រាំបានរៀបរាប់តាមប្រព័ន្ធ Trust Social ថាប្រេងកំពុងហូរចូលដូចមិនធ្លាប់មានពីមុនមក អរគុណចំពោះអំណាចដ៏អស្ចារ្យរបស់យោធាសហរដ្ឋអាម៉េរិក និងជាពិសេសដល់រដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ប្រធានអគ្គសេនាធិការចម្រុះ លោក Dan Caine និងមេបញ្ជាការនៃបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក លោកឧត្តមនាវីឯក Brad Cooper សម្រាប់ការប្រឹងប្រែងមួយនេះ។
បើតាមលោក ដូណាល់ត្រាំ ច្រកសមុទ្រហ័រមូសបើកចំហសម្រាប់ចរាចរណ៍កប៉ាល់ទាំងអស់លើកលែងតែអ៊ីរ៉ង់ លោកថាការហាមឃាត់នាវាអ៊ីរ៉ង់នេះដោយសារតែ ហិង្សា និងការព្យាបាទរបស់អ៊ីរ៉ង់ក្នុងច្រកសមុទ្រហ័រមូស។លោកថាដូច្នេះអាម៉េរិកនឹងមានការបិទផ្លូវទឹកនេះទាំងស្រុង លោកបញ្ជាក់ទៀតថា ដោយផ្អែកលើការសន្ទនាដែលមានផលិតភាពខ្ពស់ជាមួយថ្នាក់ដឹកនាំមជ្ឈិមបូព៌ា លោកបានសម្រេចចិត្តជំនួសថ្លៃសំណង ២០% សេវាការពាររបស់សហរដ្ឋអាម៉េរិកជំនួសជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគដែលរដ្ឋឈូងសមុទ្រផ្សេងៗនឹងធ្វើចូលទៅក្នុងសហរដ្ឋអាម៉េរិកជាថ្នូរនិងការឆ្លងកាត់ និងការពារ។
មុនការប្រកាសថ្មីរបស់លោកត្រាំ ទីបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (Centcom) បានប្រកាសនៅយប់ថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានចាប់ផ្តើមបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីបន្តធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីរ៉ង់ដែលកំពុងតែប្រើសម្រាប់វាយប្រហារការដឹកជញ្ជូនពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមូស។
ជាការឆ្លើយតបទីក្រុងតេអេរ៉ង់បានអះអាងថាខ្លួនបានកំណត់គោលដៅមូលដ្ឋានយោធាអាម៉េរិកនៅបារ៉ែន និងហ្ស៊កដានី បន្ទាប់ពីការវាយប្រហារលើនាវាដឹកប្រេងពីរគ្រឿងរបស់អារ៉ាប់រួម។អ៊ីរ៉ង់ចោទប្រកាន់សហរដ្ឋអាម៉េរិកថាបានជ្រៀតជ្រែកក្នុងការគ្រប់គ្រងរបស់ខ្លួននៅច្រកសមុទ្រហ័រមូស និងប្រកាសមិនអនុញ្ញាតឲ្យសហរដ្ឋអាម៉េរិកគ្រប់គ្រងច្រកមួយនេះឡើយ៕