ហាណូយ៖ យោងតាមទិន្នន័យពីក្រុមហ៊ុន Google បានឱ្យដឹងថា ប្រទេសវៀតណាមកំពុងឈរលេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ លើការប្រើប្រាស់ប្រព័ន្ធ AI Gemini សម្រាប់ការសិក្សាស្រាវជ្រាវ ជាមួយសំណួរពាក់ព័ន្ធនឹងការសិក្សាមានរហូតដល់ ១៧% ខ្ពស់ជាងមធ្យមភាគតំបន់ដែលមានត្រឹម ១១%។នេះបើយោងតាមការចេញផ្សាយរបស់កាសែតVietnam Plus។
របាយការណ៍បង្ហាញថា ជារៀងរាល់ខែមានសិស្សវៀតណាមជាង ១៦០,០០០ នាក់ ប្រើប្រាស់កម្មវិធី Gemini Canvas ដើម្បីត្រៀមប្រឡង ខណៈគ្រូបង្រៀនប្រើប្រាស់ប្រព័ន្ធនេះប្រមាណ ៥៥,០០០ ដងក្នុងមួយថ្ងៃ។
វៀតណាមក៏ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រើប្រាស់ភាសាជាតិរបស់ខ្លួនជាមួយ AI (ស្មើនឹង ៨៩%) ដែលជួយសម្រួលដល់ការបកប្រែ ការសរសេរកូដ (៤%) និងគណិតវិទ្យា (៥%)។
Gemini គឺជាកម្មវិធី AI ដែលរីកចម្រើនលឿនបំផុតរបស់ Google ក្នុងតំបន់ ដោយមានអ្នកប្រើប្រាស់កើនឡើងទ្វេដងក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។ ដើម្បីឆ្លើយតបនឹងកំណើននេះ Google គ្រោងនឹងដាក់ដំណើរការភ្នាក់ងារ AI ផ្ទាល់ខ្លួនឈ្មោះ «Gemini Spark» ដែលអាចជួយបំពេញការងារបានពេញ ២៤ម៉ោង និងត្រៀមគាំទ្ររាល់ភាសាក្នុងតំបន់អាស៊ានចាប់ពីសប្តាហ៍នេះតទៅផងដែរ៕