បាងកក៖ តារាស្រីថៃ កញ្ញា Charlotte Austin អតីតជើងឯករង Miss Grand Thailand 2022 បានចាញ់បោកក្រុមបណ្តាញឆបោកស្កេម ខលវីដេអូប្រើបច្ចេកវិទ្យា AI កាត់តដូរមុខ បន្លំខ្លួនជាមន្ត្រីស៊ើបអង្កេតពិសេសថៃ ដោយចោទប្រកាន់នាងពីបទលាងលុយកខ្វក់។ ក្រុមឆបោក បានបង្ខំឱ្យនាងផ្ទេរប្រាក់អស់ ៤ លានបាត (ប្រមាណ ១២៤,០០០ ដុល្លារ) តាមកុងធនាគារឈ្មោះ Kasikornbank (KBank) ។តុលាការរដ្ឋប្បវេណីថៃ បានបង្គាប់ឱ្យធនាគារ ជួយសងសំណងចំនួន ១ លានបាត(ជិត៣ម៉ឺនដុល្លារ) រួមទាំងការប្រាក់ ៥% ក្នុងមួយឆ្នាំ ទៅកាន់ក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុរបស់តារាសម្តែងកូនកាត់ថៃ-អង់គ្លេស រូបនេះ ក្រោយធនាគារបរាជ័យក្នុងការទប់ស្កាត់ប្រតិបត្តិការផ្ទេរប្រាក់មិនប្រក្រតី។
តុលាការថៃ យល់ឃើញថា ការផ្ទេរប្រាក់ចំនួន ២ លានបាតនេះត្រូវបានធ្វើឡើង នាពេលយប់ជ្រៅ គឺជាភាពមិនប្រក្រតីប្រព័ន្ធសុវត្ថិភាពធនាគារគួរតែចាប់សញ្ញាព្រមានបាន។ តែ ដោយសារ Charlotte ជាអ្នកចុចផ្ទេរដោយខ្លួនឯង តុលាការថៃ បានសម្រេចឱ្យបែងចែកការទទួលខុសត្រូវម្នាក់ពាក់កណ្តាលលើទំហំខូចខាតនាពេលយប់ ដែលតម្រូវឱ្យធនាគារត្រូវសងទឹកប្រាក់ចំនួន ១ លានបាតត្រឡប់ទៅវិញ។
ការសម្រេចក្តីនេះ ត្រូវបានមេធាវីរបស់ Charlotte លើកឡើងថា នឹងក្លាយជាគំរូថ្មីមួយក្នុងការជំរុញឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងប្រទេសថៃ បង្កើនការទទួលខុសត្រូវ និងពង្រឹងប្រព័ន្ធសុវត្ថិភាពលើរាល់ប្រតិបត្តិការសង្ស័យ ជាពិសេសនៅពេលយប់ជ្រៅ៕