កុកបាហ្សា៖ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បានបង្ហាញថា គ្រោះទឹកជំនន់ និងការបាក់ដីដ៏ធ្ងន់ធ្ងរនៅប្រទេសបង់ក្លាដែស កំពុងតែបង្កើនហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺឆ្លងនានា ដូចជាជំងឺគ្រុនឈាម និងជំងឺអាសន្នរោគ។ វិបត្តិនេះបានកើតឡើងបន្ទាប់ពីជំនន់ទឹកភ្លៀង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០ នាក់ និងធ្វើឱ្យប្រជាពលរដ្ឋជាង ១ លាននាក់ត្រូវកាត់ផ្តាច់ និងជាប់គាំងនៅតាមលំនៅឋាន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA លោកស្រី Sonakshi Dey នាយកកម្មវិធីប្រចាំប្រទេសបង់ក្លាដែសនៃ IFRC បានគូសបញ្ជាក់ថា ការបំផ្លិចបំផ្លាញប្រភពទឹកស្អាត និងប្រព័ន្ធអនាម័យជាង ១០,៧០០ កន្លែង បានក្លាយជាកាតាលីករជម្រុញឱ្យមានការគំរាមកំហែងដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ។
លោកស្រី Sonakshi បានបន្ថែមថា ការស្តារលទ្ធភាពទទួលបានទឹកស្អាត និងការចែកចាយសម្ភារសង្គ្រោះបន្ទាន់ គឺជាអាទិភាពចម្បងបំផុតដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺឆ្លងទាំងនេះ។ លោកស្រីបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលទ្ធភាពនៃការធ្វើដំណើរទៅជួយប្រជាពលរដ្ឋ ដោយសារតែស្ថានភាពភូមិសាស្ត្ររបស់ប្រទេសមានភាពលំបាកខ្លាំង។
គ្រោះទឹកជំនន់នេះ បានធ្វើឱ្យស្ថានភាពមនុស្សធម៌ដែលកំពុងជួបការលំបាកស្រាប់ កាន់តែដុនដាបបន្ថែមទៀត ខណៈប្រទេសបង់ក្លាដែសក៏បាននិងកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល ដោយមានករណីស្លាប់សង្ស័យ និងបញ្ជាក់ផ្លូវការជិត ៧៥០ ករណី រួចទៅហើយ គិតចាប់តាំងពីខែមីនាមក។
សហព័ន្ធ IFRC កំពុងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) និងអង្គការ UNICEF ដើម្បីតាមដានសុខភាពតាមខ្នងផ្ទះ ក្នុងគោលបំណងស្វែងរក និងព្យាបាលអ្នកជំងឺឱ្យបានទាន់ពេលវេលា ទោះបីជាកម្លាំងសង្គ្រោះរបស់ខ្លួនកំពុងរងសម្ពាធយ៉ាងខ្លាំងដោយសារត្រូវទប់ទល់នឹងអាសន្នច្រើនក្នុងពេលតែមួយក៏ដោយ៕