ចិន៖ អតីតសមាជិកការិយាល័យនយោបាយ និងជាប្រធានគណបក្សក្នុងខេត្តស៊ីនជាំង លោក Ma Xingrui ត្រូវបានបណ្តេញចេញពីបក្ស និងបណ្តេញចេញពីតំណែងសាធារណៈ បន្ទាប់ពីការស៊ើបអង្កេតនិងបានរកឃើញថាលោកមានជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនចេញផ្សាយកាលពីល្ងាចនៅថ្ងៃអង្គារ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរ គណៈកម្មការកណ្តាលសម្រាប់ការត្រួតពិនិត្យវិន័យ (CCDI) ដែលជាស្ថាប័នវិន័យ និងប្រឆាំងអំពើពុករលួយកំពូលរបស់គណបក្សកាន់អំណាចបានអះអាងថា លោកម៉ាត្រូវបានគេរកឃើញថាបាន ក្បត់គោលការណ៍ និងបេសកកម្មដើមរបស់គណបក្ស និង រំលោភយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់នយោបាយ និងជាប់ពាក់ព័ន្ធជាមួយនឹងការប្រព្រឹត្តអំពើពុករលួយដែលខុសពីវិន័យបក្ស។ លោក ម៉ា បានប្រើប្រាស់តំណែងរបស់លោកដើម្បីស្វែងរកអត្ថប្រយោជន៍ផ្ទាល់ខ្លួនរួមមាន ការចុះកិច្ចសន្យាគម្រោង និងការឡើងឋានៈការងារដោយគ្មានការឆ្លងកាត់តាមប្រព័ន្ធច្បាប់ត្រឹមត្រូវ។
លោកម៉ា តាមរយៈសមាជិកគ្រួសារ និងសហការីលោកបានទទួលយកប្រាក់ និងទ្រព្យសម្បត្តិយ៉ាងច្រើនដោយខុសច្បាប់។ការស៊ើបអង្កេតក៏បានរកឃើញថាលោកធ្វេសប្រហែសក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងការរំលោភបំពានធ្ងន់ធ្ងរនៃវិន័យ និងច្បាប់ (គណបក្ស) និងបទឧក្រិដ្ឋដែលសង្ស័យថាប្រព្រឹត្តដោយបុគ្គលិករបស់លោកដែលបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ។
គួររម្លឹកថាលោក ម៉ា បានឡើងតំណែងជំនួសលោក Chen Quanguo ជាប្រធានគណបក្សនៃតំបន់ស្វយ័ត ស៊ីនជាំង កាលពីឆ្នាំ ២០២១ ដោយបានក្លាយជាសមាជិកការិយាល័យនយោបាយនៅឆ្នាំបន្ទាប់នៅឯសមាជបក្សលើកទី ២០។ លោកម៉ាដែលមាន វ័យ អាយុ ៦៧ ឆ្នាំ ធ្លាប់ដឹកនាំកម្មវិធីរ៉ុក្កែតដឹកជញ្ជូនជំនាន់ថ្មីរបស់ប្រទេសចិន និងរហូតបន្តក្លាយជាសមាជិកទីបីនៃការិយាល័យនយោបាយបក្ស។ មុនពេលតួនាទីរបស់លោកនៅស៊ីនជាំង លោក ម៉ា ក៏ធ្លាប់ជាអនុលេខាធិការបក្សនៃខេត្តក្វាងទុងភាគខាងត្បូងក្នុងឆ្នាំ ២០១៣ បន្ទាប់ពីបានបម្រើការងារមួយរយៈពេលខ្លីនៅក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន លោកបានបន្តក្លាយជាលេខាធិការបក្សនៃទីក្រុង Shenzhen អនុអភិបាលខេត្ត ហើយបន្ទាប់មកជាអភិបាលខេត្ត៕