Swift cc time

មនុស្សជាង៦លាននាក់ ដាក់ញត្តិទាមទារឱ្យFIFA ដក«អាហ្សង់ទីន» ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2026

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាត្លង់តា៖ ភាពចម្រូងចម្រាសជុំវិញក្រុមជម្រើសជាតិ អាហ្សង់ទីន នៅក្នុងព្រឹត្តិការណ៍ World Cup 2026 កំពុងតែកើនឡើងកម្តៅ បន្ទាប់ពីមានញត្តិអនឡាញមួយ បានទាមទារឱ្យសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដកក្រុមនេះចេញពីការប្រកួត ដោយចោទប្រកាន់ថា ក្រុមអាហ្សង់ទីនទទួលបានការអនុគ្រោះ និងលំអៀងខ្លាំងពេកពីសំណាក់អាជ្ញាកណ្តាល។ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែកក្កដា ញត្តិនេះទទួលបានហត្ថលេខាគាំទ្ររហូតដល់ទៅជាង ៦ លាននាក់។ នេះបើយោងតាមការបង្ហោះលើគេហទំព័រឯករាជ្យមួយឈ្មោះ «argentinaout.com»។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN International គេហទំព័រខាងលើបានសរសេររិះគន់ចំៗថា៖ «វាច្បាស់ណាស់ថា FIFA និង អាជ្ញាកណ្តាលមានចិត្តលំអៀងទៅរក Lionel Messi និង អាហ្សង់ទីន។តើពិភពលោកប្រកួតធ្វើអ្វីទៀត បើអ្នកឈ្នះត្រូវបានគេកំណត់ទុកជាមុនទៅហើយនោះ?គួរដកអាហ្សង់ទីនចេញពី World Cup ដើម្បីផ្តល់ឱកាសស្មើភាពគ្នាដល់ក្រុមដទៃ»។

គេហទំព័រនេះមិនត្រូវបានទទួលស្គាល់ពីភាពតម្លាភាពនោះទេ ហើយញត្តិអនឡាញខាងលើក៏គ្មានតម្លៃគតិយុត្ត ឬមានឥទ្ធិពលផ្លូវច្បាប់អ្វីឡើយ។ ដោយសារតែការសម្រេចចិត្តលើសិទ្ធិចូលរួមប្រកួត World Cup ស្ថិតនៅក្រោមអំណាចផ្តាច់មុខរបស់ FIFA ដូច្នេះ ក្រុមអាហ្សង់ទីននៅតែរក្សាបានសិទ្ធិស្របច្បាប់ពេញលេញ ក្នុងការធ្វើដំណើរទៅជួបក្រុមជម្រើសជាតិអង់គ្លេស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2026 នៅទីក្រុងអាត្លង់តា នាថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះដដែល។

គួររំលឹកថា ការបង្កើតញត្តិនេះឡើង បានកើតឡើងភ្លាមៗបន្ទាប់ពីការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ដែលកាលនោះ ក្រុមជម្រើសជាតិអាហ្សង់ទីនបានយកឈ្នះអេហ្ស៊ីបក្នុងលទ្ធផល ៣ ទល់នឹង ២។ ក្រុមអាហ្សង់ទីននឹងឡើងប្រកួតជាមួយក្រុមជម្រើសជាតិអង់គ្លេស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2026 សម្រាប់យប់ថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ៕

Khcct banner

អត្ថបទទាក់ទង