Swift cc time

ទូតចិនជំរុញកម្ពុជាស៊ើបអង្កេតជាបន្ទាន់ករណីឃាតកម្មលើ«ស្ត្រីពេទ្យជនជាតិចិន»ម្នាក់នៅរាជធានីភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានជំរុញឱ្យអាជ្ញាធរកម្ពុជា បើកការស៊ើបអង្កេតជាបន្ទាន់មួយ លើករណីឃាតកម្មលើ «ស្ត្រីពេទ្យជនជាតិចិន»ម្នាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និង ទ្រព្យសម្បត្តិរបស់ពលរដ្ឋចិននៅកម្ពុជាឱ្យមានប្រសិទ្ធភាព។

យោងតាមសេចក្តីប្រកាសតាម វីឆាតចិននៅថ្ងៃនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ចិនកំពុងយកចិត្តទុកដាក់ និង តាមដានយ៉ាងដិតដល់ចំពោះករណី ឃាតកម្មលើស្ត្រីពេទ្យជនជាតិចិន ដែលបានកើតឡើងថ្មីៗនេះ នៅរាជធានីភ្នំពេញ។ភ្លាមៗបន្ទាប់ពីកើតហេតុ ស្ថានទូតបានទាក់ទងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និង ផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធ ព្រមទាំងជំរុញឱ្យអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតឱ្យបានឆាប់រហ័ស ស្វែងរកការពិតនៃសំណុំរឿង ចាប់ខ្លួន និង ផ្តន្ទាទោសជនល្មើសឱ្យបានម៉ឺងម៉ាត់តាមច្បាប់ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋចិននៅកម្ពុជាឱ្យមានប្រសិទ្ធភាព។

បើតាមសេចក្តីប្រកាសនោះស្ថានទូតចិន បានទទួលព័ត៌មានថា មានជនសង្ស័យជាបុរសជនជាតិខ្មែរម្នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃកើតហេតុ ហើយសំណុំរឿងកំពុងដំណើរការតាមនីតិវិធីច្បាប់។សម្រាប់ទូតចិន ការបន្តចាត់វិធានការចាំបាច់នានា ដើម្បីធានាការពារសុវត្ថិភាពអាយុជីវិត និង ទ្រព្យសម្បត្តិរបស់ពលរដ្ឋចិននៅកម្ពុជាឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ១២ ខែកក្កដា  ស្ត្រីជនជាតិចិន អាយុ៤៧ឆ្នាំ ជាគ្រូពេទ្យបម្រើការនៅគ្លីនិកចិនមួយកន្លែង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានគេធ្វើឃាត ដោយមិនដឹងមូលហេតុ។ ចំណែកជនសង្ស័យឈ្មោះ អ៊ឹង ឃាង ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិខ្មែរ។

យោងតាមប្រភពពីសមត្ថកិច្ច បានប្រាប់ ស៊ីស៊ីថាមស៍ ថា លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថា ជនសង្ស័យ និងជនរងគ្រោះមិនធ្លាប់ស្គាល់គ្នាពីមុនឡើយ។ចំពោះការអះអាងរបស់ក្រុមគ្រួសារជនសង្ស័យថា រូបគេមានប្រវត្តិជំងឺសរសៃប្រសាទ សមត្ថកិច្ចបានបញ្ជាក់ថា មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយត្រូវរង់ចាំការវាយតម្លៃពីអ្នកជំនាញផ្នែកកោសល្យវិច្ច័យ។

ក្នុងន័យនេះ អាជ្ញាធរកម្ពុជា បានសង្កត់ធ្ងន់ថា សំណុំរឿងនេះនៅតែស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ហើយសមត្ថកិច្ចនឹងបន្តស៊ើបអង្កេតឱ្យបានច្បាស់លាស់អំពីអង្គហេតុ និងមូលហេតុនៃអំពើឧក្រិដ្ឋនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ៕


Khcct banner

អត្ថបទទាក់ទង