Swift cc time

កូរ៉េខាងជើងជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈដែលព្យុះទីហ្វុងបាវីខិតជិតមកដល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក គីម ជុងអ៊ុន ចុះពិនិត្យគ្រោះទឹកជំនន់កាលពីឆ្នាំ ២០២៤  

ព្យុងយ៉ាង៖ កូរ៉េខាងជើងនៅ ថ្ងៃអង្គារ នេះបានសារព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងអាចនឹងកើតមានឡើងរហូតដល់បង្កទៅជាគ្រោះទឹកជំនន់ភ្លាមៗ ការព្រមាននេះធ្វើឡើងខណៈដែលព្យុះទីហ្វុងបាវីខិតជិតមកដល់។ មេដឹកនាំ គីម ជុងអ៊ុន បានជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារការខូចខាតផ្សេងៗដែលអាចនឹងកើតមានឡើងដោយសារព្យុះទីហ្វុងបាវី។

យោងតាមកាសែត Rodong Sinmun ដែលគ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍ថា ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថានឹងចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាប មុនពេលឆ្លងកាត់តំបន់កណ្តាលរបស់ប្រទេសកូរ៉េខាងជើងតាមរយៈសមុទ្រលឿងចន្លោះថ្ងៃអង្គារ និងថ្ងៃពុធ។ ទីភ្នាក់ងារអាកាសធាតុកូរ៉េខាងជើងក៏បាន ចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដោយមន្ត្រី និងកម្មករទាំងអស់ត្រូវបានជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងចាត់វិធានការដើម្បីកាត់បន្ថយការខូចខាត។

ភ្នាក់ងារអាកាសធាតុកូរ៉េខាងជើង អះអាងថាភ្លៀងធ្លាក់ពី ៨០ មីលីម៉ែត្រ ទៅ ១២០ មីលីម៉ែត្រ ជាមួយនឹងភ្លៀងធ្លាក់ពី ៣០ មីលីម៉ែត្រ ទៅ ៦០ មីលីម៉ែត្រក្នុងមួយម៉ោង ត្រូវបានព្យាករណ៍នៅថ្ងៃអង្គារ នៅទូទាំងតំបន់ភាគខាងជើង និងកណ្តាលរបស់ប្រទេសកូរ៉េខាងជើង។ តំបន់ភាគខាងត្បូង ក្នុងចំណោមតំបន់ផ្សេងៗទៀត អាចនឹងមានភ្លៀងធ្លាក់ពី ១៥០ មីលីម៉ែត្រ ទៅ ២០០ មីលីម៉ែត្រ ក៏ដូចជាខ្យល់បក់ពី ១០ ម៉ែត្រ ទៅ ១៥ ម៉ែត្រក្នុងមួយវិនាទី តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិច និងនៅតំបន់ដីគោកមួយចំនួន។

គួររម្លឹកថាកូរ៉េខាងជើងធ្លាប់រងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់ភាគខាងជើងក្នុងឆ្នាំ ២០២៤ ដោយមានមនុស្សរហូតដល់ ១៥០០ នាក់បានស្លាប់ និងបាត់ខ្លួន៕

Khcct banner

អត្ថបទទាក់ទង