ហាណូយ៖រដ្ឋាភិបាលនៃ ប្រទេសវៀតណាម បានសម្រេចផ្តល់ការគាំទ្រ និង ជួយសង្គ្រោះទាំងស្រុង ដល់ក្រុមគ្រួសារ អ្នកទេសចរជនជាតិឥណ្ឌាចំនួន ១៥ នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍លិចទូកល្បឿនលឿន (Speedboat) កោះត្រល់ ឬ ភូកុក ដោយឧបត្ថម្ភថវិកាប្រមាណ ៣,០០០ ដុល្លារអាម៉េរិក ក្នុងជនរងគ្រោះម្នាក់។នេះបើតាមការចេញផ្សាយរបស់កាសែត Toui tre News។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី ឡេ ធីធូហាំង (Le Thi Thu Hang) បានប្រកាសថា រដ្ឋាភិបាលវៀតណាមនឹងចេញថ្លៃស្នាក់នៅ អាហារ និងការធ្វើដំណើរទាំងស្រុង ព្រមទាំងជួយសម្រួលដល់ការផ្តល់ទិដ្ឋាការ (Visa) បន្ទាន់ សម្រាប់សាច់ញាតិជនរងគ្រោះឥណ្ឌាទាំង ១៥នាក់ ដែលចង់ធ្វើដំណើរមកកាន់ប្រទេសវៀតណាម។
គួររម្លឹកថា ហេតុការណ៍លិចទូកល្បឿនលឿននេះ កើតឡើងកាលពីវេលាម៉ោង ១:០០ រសៀលថ្ងៃសៅរ៍ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភូគុក ដោយសារអាកាសធាតុប្រែប្រួលអាក្រក់ និងខ្យល់បោកបក់ខ្លាំងភ្លាមៗ។ គ្រោះថ្នាក់នេះ បានកើតឡើងលើទូកដែលផ្ទុកមនុស្សសរុប ៣៦ នាក់ បណ្តាលឱ្យអ្នកទេសចរជនជាតិឥណ្ឌាចំនួន ១៥ នាក់ (បុរស ១៣ នាក់ និងស្រ្តី ២ នាក់) បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស៕