បាងកក៖ យុវជនថៃភាគច្រើនកំពុងសម្រេចចិត្តពន្យារពេលរបត់ជីវិតសំខាន់ៗ រួមទាំងការកសាងគ្រួសារ ឬការមានកូន ដោយសារការកើនឡើងនៃតម្លៃជីវភាពរស់នៅ តម្លៃផ្ទះសម្បែងដ៏ថ្លៃហួសហេតុ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ផ្អែកតាមលទ្ធផលស្ទង់មតិ យុវជនថៃជំនាន់ Gen Z (កើតចន្លោះឆ្នាំ១៩៩៥-២០០៧) ចំនួន ៦៥% និងជំនាន់ Millennials (កើតចន្លោះឆ្នាំ១៩៨៣-១៩៩៤) ចំនួន ៥៧% បានសម្រេចចិត្តពន្យារពេលរៀបការ យកកូន បន្តការសិក្សា ឬការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ដោយសារតែបញ្ហាហិរញ្ញវត្ថុ។ តួលេខនេះបង្ហាញថា យុវជនថៃរងសម្ពាធខ្លាំងជាងមធ្យមភាគសកល ដែលមានត្រឹមតែ ៥៥% សម្រាប់ Gen Z និង ៥២% សម្រាប់ Millennials ។
យោងតាមការចេញផ្សាយរបស់កាសែត VN Express បញ្ហាតម្លៃផ្ទះសម្បែងបានក្លាយជាឧបសគ្គដ៏ធំបំផុតមួយ។ ក្នុងនោះ យុវជន Gen Z ចំនួន ៩៤% និង Millennials ៨៥% បានលើកឡើងថា តម្លៃ និងលទ្ធភាពក្នុងការទទួលបានផ្ទះសម្បែង គឺជាកត្តាផ្ទាល់ដែលកំណត់លើការជ្រើសរើសអាជីព និងទីកន្លែងធ្វើការងាររបស់ពួកគេ។ ទន្ទឹមនឹងនេះ បញ្ហាតម្លៃជីវភាពទូទៅនៅតែបន្តជាក្តីបារម្ភលំដាប់ទីមួយសម្រាប់យុវជនទាំងពីរជំនាន់នេះ រយៈពេល ៥ ឆ្នាំជាប់ៗគ្នា។
ជំនួសឱ្យការដើរតាមគន្លងប្រពៃណីនៃការរៀបការ ឬការខិតខំឡើងកាន់តំណែងដឹកនាំខ្ពស់ៗ យុវជនថៃបច្ចុប្បន្នបែរជាផ្តល់អាទិភាពខ្ពស់លើស្ថិរភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ស្ថិរភាពការងារ និងតុល្យភាពរវាងជីវិត និងការងារ (Work-life balance) វិញ។ ការផ្លាស់ប្តូរទស្សនៈនេះ កើតឡើងដោយសារពួកគេមានការព្រួយបារម្ភខ្លាំងពីសម្ពាធការងារ បញ្ហាស្ត្រេស និងការបាក់កម្លាំង (Burnout) នៅក្នុងសង្គមការងារបច្ចុប្បន្ន៕