ភ្នំពេញ៖ កម្ពុជា-បារាំង តាមរយៈក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន SEMMARIS បានចុះហត្ថលេខាលើអនុសរណៈនៃការយោគយល់គ្នា(MoU) ស្តីពីការផ្តល់សេវាសិក្សាលទ្ធភាពសម្រាប់គម្រោងអភិវឌ្ឍន៍ទីផ្សារបោះដុំផលិតផលស្រស់នៅរាជធានីភ្នំពេញ។ ពិធីចុះMoUនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ភាពជាដៃគូយុទ្ធសាស្ត្រនេះ បានរួមបញ្ចូលនូវចំណេះដឹងស៊ីជម្រៅរបស់ក្រុមហ៊ុន WorldBridge Group អំពីទីផ្សារកម្ពុជា ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្សរ៍របស់ក្រុមហ៊ុន SEMMARIS ក្នុងការគ្រប់គ្រងទីផ្សារបោះដុំ Rungis ដែលជាទីផ្សារបោះដុំដ៏ធំបំផុតនៅទ្វីបអឺរ៉ុប។ គម្រោងនេះនឹងរួមចំណែកបង្កើតទីផ្សារបោះដុំទំនើបមួយនៅរាជធានីភ្នំពេញ ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃកសិកម្មរបស់កម្ពុជា គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិ-ស្បៀងអាហារ និងបង្កើតឱកាសថ្មីៗសម្រាប់ការពង្រីកការនាំចេញ។
លោកបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រដល់ការអនុវត្តគម្រោងនេះ និងបានគូសបញ្ជាក់ថា ការចុះហត្ថលេខានាពេលនេះ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការចុះកិច្ចសន្យាពេញលេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៦ ជាពិសេស ជាសក្ខីភាពដ៏ច្បាស់លាស់ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃបរិយាកាសវិនិយោគនៅកម្ពុជា កម្រិតនៃការជឿទុកចិត្តរបស់វិនិយោគិន និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង៕