ហ្សាកាតា៖ ក្រុមអ្នកប្រាជ្ញ និងអ្នកជំនាញច្បាប់អន្តរជាតិមួយចំនួន ក្នុងសិក្ខាសិលាមួយនៅប្រទេសឥណ្ឌូនេស៊ី បានថ្លែងរិះគន់យ៉ាងខ្លាំងចំពោះភាពស្របច្បាប់ និងផលប៉ះពាល់នៃ «សាលដីកាអាជ្ញាកណ្តាលឆ្នាំ២០១៦ ស្តីពីសមុទ្រចិនខាងត្បូង» ដោយលើកឡើងថា ការសម្រេចនេះបានរំលោភលើច្បាប់សមុទ្រអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ការរិះគន់នេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស រួមទាំងបណ្តាប្រទេសលោកខាងលិច និងអាស៊ីចំនួន ១២ ផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍រួមគ្នាគាំទ្រសាលដីកានេះជាថ្មី ហើយបញ្ជាក់ថារាល់ការទាមទាររបស់ចិនគឺគ្មានមូលដ្ឋានច្បាប់ឡើយ។នេះបើតាមការចេញផ្សាយរបស់កាសែតស៊ីនហួរ។
ថ្លែងក្នុងសិក្ខាសាលាមួយ លោក Anthony Carty សាស្ត្រាចារ្យច្បាប់អន្តរជាតិដ៏ល្បីល្បាញ បានហៅការសម្រេចសេចក្តីរបស់តុលាការមជ្ឈត្តការនោះថាជា «ការសម្រេចចិត្តបែបទំនើងចិត្ត» និង «ខ្វះមូលដ្ឋានវិទ្យាសាស្ត្រ»។ ក្រុមអ្នកជំនាញបានពន្យល់លម្អិតថា សាលដីកានេះបានរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ព្រោះច្បាប់សមុទ្រនេះមិនមានសមត្ថកិច្ចដោះស្រាយលើបញ្ហាអធិបតេយ្យភាពដែនដី ឬកម្មសិទ្ធិកោះឡើយ ហើយចិនក៏បានដកបញ្ហាកំណត់ព្រំដែនសមុទ្រចេញពី «ការសម្រេចដោយបង្ខំ» រួចរាល់ហើយតាំងពីឆ្នាំ២០០៦ មកម៉្លេះ។
ក្រុមប្រទេសទាំង ១៤ ខាងលើ នៅតែបន្តសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាចំពោះសកម្មភាពឯកតោភាគីណាមួយដែលបង្កឱ្យមានអស្ថិរភាព ជាពិសេសការប្រើប្រាស់កម្លាំងឆ្មាំសមុទ្រ កងយោធា និងកងជីវពលម៉ារីនរបស់ចិន ក្នុងការធ្វើទុកបុកម្នេញ ឬរារាំងដល់ប្រតិបត្តិការស្របច្បាប់របស់ប្រទេសដទៃនៅក្នុងដែនទឹកមានជម្លោះ។
ជាការឆ្លើយតប ក្រសួងការបរទេសចិនបានច្រានចោលការលើកឡើងទាំងឡាយរបស់ក្រុមប្រទេសលោកខាងលិចភ្លាមៗ ដោយបញ្ជាក់ថា សាលដីកានោះគឺ «មោឃៈ និងគ្មានកម្លាំងដេញតាមផ្លូវច្បាប់ឡើយ» ហើយចិននឹងមិនទទួលយកជាដាច់ខាត។
សូមបញ្ជាក់ថា ប្រទេសដែលបានរួមគ្នាប្រកាសសេចក្តីថ្លែងការណ៍បដិសេធមហិច្ចតាចិននេះ រួមមាន ហ្វីលីពីន ជប៉ុន អូស្ត្រាលី នូវែលសេឡង់ កាណាដា អាល្លឺម៉ង់ អ៊ីតាលី អេស្តូនី ឡាតវី លីទុយអានី រ៉ូម៉ានី និងស្លូវេនី។ អាម៉េរិកក៏បានព្រមានដូចគ្នាថា ខ្លួនមានកាតព្វកិច្ចត្រូវតែការពារហ្វីលីពីន ប្រសិនបើកងកម្លាំង ឬនាវារបស់សម្ព័ន្ធមិត្តចាស់វស្សាមួយនេះ រងការវាយប្រហារដោយអាវុធនៅក្នុងដែនទឹកមានជម្លោះសមុទ្រចិនខាងត្បូង៕