អ៊ីរ៉ង់៖ អតីតមេបញ្ជាការជាន់ខ្ពស់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញសារគំរាមកំហែងដោយផ្ទាល់ ប្រឆាំងនឹងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ ដោយលោកបានប្រកាសជាសាធារណថារដ្ឋអ៊ីស្លាមអាចធ្វើបាបលោកត្រាំទោះបីជាលោកស្ថិតនៅក្នុងសេតវិមានក៏ដោយ។ លោក Hossein Kanani Moghaddam អតីតមេបញ្ជាការ IRGC បានប្រាប់គេហទំព័រព័ត៌មានអ៊ីរ៉ង់ Fararu ថាប្រសិនបើគោលដៅគឺដើម្បីធ្វើឃាតលោកត្រាំ សាធារណរដ្ឋអ៊ីស្លាមអាចធ្វើដូច្នេះបានយ៉ាងងាយស្រួលនៅក្នុងសេតវិមាន ពេលណាដែលចាំបាច់ ព្រោះអ៊ីរ៉ង់មានសមត្ថភាពក្នុងការធ្វើរឿងនេះបាន។
លោក Hossein Kanani Moghaddam បញ្ជាក់ទៀតថាអ៊ីរ៉ង់មិនចរចាជាមួយអាម៉េរិកដើម្បីសន្តិភាពទេ យើងកំពុងចរចាដើម្បីកាត់បន្ថយភាពតានតឹង។ លោកបានបន្ថែមថា ការចរចាជាមួយរដ្ឋបាលសហរដ្ឋអាម៉េរិកគឺមានបំណងពង្រឹងការទាមទាររបស់អ៊ីរ៉ង់ និងបង្ហាញជំហររបស់អ៊ីរ៉ង់ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ដែលធ្វើឡើងសហរដ្ឋអាម៉េរិក។ លោកសង្គត់ធ្ងន់ថាអ៊ីរ៉ង់មិនចរចាដើម្បីសន្តិភាពជាមួយលោក ត្រាំ និងជំនួយការឧក្រិដ្ឋជនរបស់លោកទេ៕