អានហួយ៖ ឥទ្ធិពលនៃព្យុះទីហ្វុង Bavi បន្តនាំមកនូវភ្លៀងធ្លាក់យ៉ាងគំហុកនៅតំបន់មួយចំនួននៃប្រទេសចិន ហើយតំបន់ខោនធី ដុងជី (Dongzhi) នៃខេត្តអានហួយ ភាគខាងកើតប្រទេសចិន បង្កឱ្យកម្រិតទឹកទន្លេហក់ឡើងខ្ពស់ និង មានការបាក់ដីបិទផ្លូវជាច្រើនកន្លែង។ ភ្លៀងធ្លាក់ឥតឈប់ឈរនេះ ក៏បានធ្វើឱ្យអាងស្តុកទឹកមួយឈ្មោះ ស៊ីយានអៅ (Siyuan'ao) ជន់ជោរដោយទឹកហួសកម្រិតកំណត់។
គ្រោះធម្មជាតិនេះ បានបង្ខំឱ្យអាជ្ញាធរមូលដ្ឋាន បើកប្រតិបត្តិការសង្គ្រោះបន្ទាន់ និង ជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ប្រឈមទៅកាន់ទីទួលសុវត្ថិភាពភ្លាមៗ។
នៅក្នុងភូមិ ហ៊ុយដាវ (Huidao) នៃទីប្រជុំជន ហ្គេហ្គុង (Gegong) ភ្លៀងធ្លាក់យ៉ាងជោកជាំ បានធ្វើឱ្យទន្លេ ហ្គេយាន (Geyuan) ជន់ជោរខ្លាំង បណ្តាលឱ្យផ្លូវមេតែមួយគត់របស់ភូមិ ត្រូវលិចលង់យ៉ាងធ្ងន់ធ្ងរ និង កាត់ផ្តាច់ការធ្វើដំណើររបស់អ្នកភូមិជាង ១,០០០ នាក់។
មន្ត្រីក្នុងតំបន់ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីដាក់ផ្លាកសញ្ញាព្រមាន និង ដាក់កម្លាំងយាមកាមកុំឱ្យប្រជាពលរដ្ឋប្រថុយប្រថានឆ្លងកាត់ទឹកជំនន់ ព្រមទាំងបានជម្លៀសមនុស្ស ចេញពីតំបន់គ្រោះថ្នាក់។ ចំពោះបញ្ហាបាក់ដី និងថ្មធ្លាក់បិទផ្លូវតាមតំបន់ភ្នំ ក្រុមសង្គ្រោះចិន បានដំឡើងកម្លាំងត្រួតពិនិត្យទំនប់ទឹក ២៤ ម៉ោង ព្រមទាំងបានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ ដើម្បីកាយកម្ទេចថ្ម និង ដីដែលបាក់បិទផ្លូវទាំងនោះ៕