ភ្នំពេញ៖ តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ច ការងារនៅប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ សម្តេច ហ៊ុន ម៉ាណែត នឹងចូលជួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងមន្រ្តីជាន់ខ្ពស់ចិន ប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
បើតាមក្រសួងការបរទេស សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ច ការងារនៅប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
តាមប្រភពដដែល សម្តេចនាយករដ្ឋមន្ត្រី នឹងនាំប្រតិភូមន្ត្រីជាន់ខ្ពស់កម្ពុជារួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងធុរជនកម្ពុជា។
ក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ក្រៅពីអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភព លោកឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្ត្រី នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនផងដែរ។
គួរបញ្ជាក់ថា ទស្សនកិច្ចការងារនេះ គូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕