ចិន៖ ព្យុះទីហ្វុងថ្មីដែលមានឈ្មោះថាបាវី (BAVI) បានវាយប្រហារខេត្តមួយចំនួនរបស់ប្រទេសចិនចាប់តាំងពីថ្ងៃទី ១០ ខែ កក្កដា រហូតដល់ថ្ងៃទី ១៣ ខែ កក្កដា នេះស្ថានភាពពីការវាយប្រហាររបស់ព្យុះទីហ្វុងថ្មីបាវីនៅតែមិនទាន់ស្ថិតក្នុងការគ្រប់គ្រងនៅឡើយនោះទេ ដោយមានទីតាំង និងទីប្រជុំជនជាច្រើនត្រូវបានទឹកជន់លិចយ៉ាងខ្លាំងក្លា ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនរួមមានផ្លូវថ្មល់ សាលារៀន មន្ទីរពេទ្យត្រូវបានវាយប្រហារពីព្យុះបាវី ក្នុងនោះមានពលរដ្ឋប្រមាណជិត ២ លាននាក់ត្រូវបង្ខំចិត្តជម្លៀសពីកន្លែងដែលព្យុះវាយប្រហារ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ព្យុះទីហ្វុងបាវី ដែលលាតសន្ធឹងលើផ្ទៃដី ១,០០០ គីឡូម៉ែត្រ រឺស្មើរនឹងទទឹងប្រទេសបារាំងបានទៅដល់ច្រាំងនៅក្នុងទីក្រុងឆ្នេរសមុទ្រតៃចូវកាលល្ងាចថ្ងៃសៅរ៍ មុនពេលបោកបក់ចូលដីគោកលើកទីពីរនៅក្រុងវេនចូវ។ អាជ្ញាធរចិនបានពង្រឹងការគ្រប់គ្រងទឹកជំនន់ និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ តំបន់ជាច្រើនបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងបំផុត ខ្យល់បក់បំផ្លិចបំផ្លាញ និងការរំខានដល់ការដឹកជញ្ជូន ដែលជំរុញឱ្យមានការផ្លាស់ទីលំនៅដោយប្រុងប្រយ័ត្នរបស់ប្រជាជនរាប់លាននាក់។
ព្យុះបាវីបានបន្តបោកបក់លើកដំបូងនៅម៉ោង ១១ ថ្ងៃត្រង់កាលពីសៅរ៍នៅតំបន់ Yuhuan ខេត្ត ហ្សេជាំង អមដោយខ្យល់បក់ខ្លាំង ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះបានបោកបក់លើកទីពីរភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យនៅជិតទីក្រុង Qingjiang ក្នុងទីក្រុង Wenzhou ខេត្ត ហ្សេជាំង ដោយមានខ្យល់បក់ ១៣៧ គីឡូម៉ែត្រក្នុងមួយម៉ោង។
នាយកដ្ឋានគ្រប់គ្រងគ្រាអាសន្នរបស់ខេត្តហ្សេជាំងបាននិយាយថា មនុស្សជាង ១.៧ លាននាក់នៅទូទាំងខេត្តត្រូវបានជម្លៀសចេញគិតត្រឹមព្រឹកថ្ងៃសៅរ៍។ នៅព្រឹកថ្ងៃអាទិត្យ អាជ្ញាធរបានចេញការព្រមានអាកាសធាតុចំនួន ២២៥ នៅទូទាំងខេត្តហ្សេជាំងដោយភ្លៀងនឹងបន្តធ្លាក់ជោគជាំបន្ថែមទៀត ដោយមានដើមឈើរាប់សិបដើមបានដួលរលំ និងទឹកបន្តជន់ឡើងកាន់តែខ្លាំងឡើង។ អាជ្ញាធរបានអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន និងស្វែងរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន៕