បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល នៅថ្ងៃចន្ទនេះ បានចុះទៅពិនិត្យទីតាំងកើតហេតុផ្ទាល់ភ្លាមៗ ក្រោយទទួលបានការរាយការណ៍អំពីគ្រោះអគ្គីភ័យដ៏សាហាវនៅហាងបារផឹកស៊ី និងផលិតស្រាបៀរមួយកន្លែង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព និងបញ្ជាឱ្យអាជ្ញាធរថៃ ស៊ើបស្វែងរកមូលហេតុពិតប្រាកដឱ្យឃើញ។នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Nation។
គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ២៧ នាក់បានបាត់បង់ជីវិត និង ១៨ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រោះអគ្គីភ័យដ៏សាហាវ ដែលបានឆាបឆេះហាងផឹកស៊ី (Beer Bar) មួយកន្លែង ស្ថិតក្នុងតំបន់ ឡាតផ្រាវ ទីក្រុងបាងកក ប្រទេសថៃ កាលពីយប់មិញ។
យោងតាមរបាយការណ៍បឋមបានឱ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង ២៧ នាក់នោះ រួមមានបុរស ៩ នាក់ និងស្ត្រី ១៨ នាក់ ខណៈអ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ៕